(បន្ទាយមានជ័យ)៖ ព្រោះតែការនឿយណាយ និងអស់ជំនឿចិត្តចំពោះការ​ដឹកនាំ​របស់​គណបក្សភ្លើងទៀន បានធ្វើឱ្យអ្នកស្រី ដន សំណាង អនុប្រធានទី២ របស់គណបក្ស​ភ្លើង​ទៀន ក្នុងឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ សម្រេចចិត្តដើរចេញពីគណបក្សនេះ ហើយសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។

អ្នកស្រី ដន សំណាង បានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រឆាំង ជាច្រើន​ឆ្នាំ​មកហើយ រហូតទទួលបានទំនុកចិត្តពីបក្សឱ្យកាន់តួនាទីជាអនុប្រធានទី២ បក្សភ្លើង​ទៀន ក្នុងឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ អ្នកស្រី ដន សំណាង មានក្តីរំពឹងថា ការធ្វើសកម្មភាពនយោបាយជាមួយគណបក្សប្រឆាំង នឹងមានឱកាសជួយដល់សង្គម​ជាតិស្របតាមឆន្ទៈរបស់ខ្លួន។

ប៉ុន្តែការធ្វើនយោបាយជាមួយគណបក្សប្រឆាំងច្រើនឆ្នាំមកនេះ មិនបានរួមចំណែកអ្វី​ដល់កិច្ចកសាងសង្គមនោះឡើយ។ ផ្ទុយទៅវិញ បក្សចេះតែមានបញ្ហាផ្ទៃក្នុង ជួបការ​បែក​បាក់ក្នុងជួរដឹកនាំជាដើម។ បញ្ហាទាំងអស់នេះ ធ្វើឱ្យអ្នកស្រី ដន សំណាង អស់​សង្ឃឹម​នឹងការរួមរស់ជាមួយគណបក្សភ្លើងទៀន ហើយសម្រេចចិត្តដើរចេញតែម្តង។

ទន្ទឹមនឹងការសម្រេចដើរចេញពីបក្សប្រឆាំងដែលធ្លាប់រួមរស់ជាមួយនោះ អ្នកស្រី ដន សំណាង ក៏បានសម្រេចចិត្តចូលរួមជីវភាព​នយោបាយជាមួយគណបក្ស​ប្រជាជន​កម្ពុជា។ អ្នកស្រី ដន សំណាង បានបញ្ជាក់ថា ពេលនេះអ្នកស្រីបានមើ​លឃើញ​ច្បាស់​ពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសាមគ្គីភាពរឹងមាំ ជាពិសេស​មាន​គោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំជាតិ ឆ្ពោះទៅរកការរីកចម្រើន។

អ្នកស្រី ដន សំណាង បានគោរពសុំការយោគយល់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតឱ្យអ្នកស្រីបានរួមរស់ និងធ្វើសកម្មភាពជាមួយគណបក្សប្រជាជនកម្ពុជា៕