(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ក្រសួងកសិកម្ម កំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីកិច្ចសន្យាផលិតកម្មកសិកម្ម ដែលជាច្បាប់ពិសេសមួយ ដើម្បីការពារផលប្រយោជន៍ដល់ប្រជាកសិករ។

ការថ្លែងរបស់លោករដ្ឋមន្ត្រីបែបនេះ ធ្វើឡើងក្នុងវេទិកាពិភាក្សាស្ដីពី «រសជាតិកសិផលខ្មែរ» ដែលបានរៀបចំឡើងនៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីវាគ្មិន៦រូបដូចជា លោកស្រី រស់ រតនៈ ហៅ Chef Nak, លោក តាំង គឹមតេង ចុងភៅតុការ តាំង តិចម៉េង, លោក ទូច រដ្ឋា ចុងភៅតុការ សេង ហុកហេង, លោក ឡោ ងឺ ប្រធានក្រុមហ៊ុន Triopicam, ឧកញ៉ា ច័ន្ទ តារា ប្រធានក្រុមហ៊ុន លីហ្វូតសិរីស, លោក រ៉ែម ចាន់តារា អង្គការតុកតែញញឹមកម្ពុជា និងមានការសម្របសម្រួលពីលោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែ។

លោករដ្ឋមន្ត្រី បានលើកឡើងថា៖ «ក្រសួងកំពុងរៀបចំច្បាប់កិច្ចសន្យាផលិតកម្មកសិកម្ម ហេតុអ្វីបានត្រូវការច្បាប់ពិសេស? ព្រោះយើងយោងច្បាប់ធម្មតា ច្បាប់រដ្ឋប្បវេណីមកប្រើ គឺមានន័យថា គាត់ត្រូវសងការខូចខាតអ្វីមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់កសិករខ្លាំងណាស់ ឥឡូវយើងធ្វើច្បាប់ពិសេសដើម្បីជួយការពាមិនឱ្យគាត់ខូចទេ ប៉ុន្តែបើគាត់មានបញ្ហាយើងអាចជួយដោះស្រាយបាន»

លោក ឌិត ទីណា បានបន្តថា អ្វីដែលយើងចង់ធ្វើគឺថា ជួយអ្នកដែលជាមនុស្សល្អ ហើយមនុស្សខិលត្រូវតែបង្រៀនគាត់ ដើម្បីឱ្យគាត់កែតម្រូវមកវិញ បើគាត់បន្លំគេម្ដង គេឈប់លេងជាមួយតែម្ដង យើង Blacklist គាត់ចោល អាចថាអ្នកនឹងឬកសិករនឹងយើងមិនអាចទុកចិត្តបានទេ គឺយើងយកអ្នកដែលល្អមកធ្វើកិច្ចការជាមួយអ្នកដែលល្អ ហើយអ្នកដែលមិនកើតទុកពេលឱ្យគាត់រៀនសូត្រសិន ថ្ងៃណាគាត់កែប្រែខ្លួនយ៉ាងមិច គាត់អាចរកដៃគូណាដែលអាចកសាងខ្លួនជាមួយបាន គាត់អាចបន្តជាមួយបាន។

ជាមួយគ្នានេះដែរ លោកបានបន្ថែមថា យ៉ាងហោចណាស់យើងត្រូវរកដំណោះស្រាយបញ្ហាសេ្ថរភាពនៃការផ្គត់ផ្គង់នេះបាន ពីព្រោះថារឿងនេះគឺពិបាក បើលើកឡើងតាមអ្នកជ្រុលនិយម គាត់នឹងនិយាយថា កុំឱ្យនាំចូល តែកុំភ្លេចថានៅពេលដែលយើងផ្គត់ផ្គង់មិនបាន ហើយមិនឱ្យនាំចូលអ្នកដែលប៉ះពាល់គឺអ្នកប្រើប្រាស់ទាំងអស់។

លើសពីនេះ លោករដ្ឋមន្ត្រី បានលើកឡើងថា អ្វីដែលយើងកំពុងធ្វើសព្វថ្ងៃគឺការរក្សាស្ថេរភាពថ្លៃនេះ តាមរយៈការថ្លឹងថ្លែងការផ្គត់ផ្គង់ និងការប្រើប្រាស់នេះឯង ដោយយើងមិនមែនចេះតែបើកឱ្យមានការនាំចូល ហើយយើងក៏មិនចេះតែបិទនោះដែរ កុំភ្លេចថាសព្វថ្ងៃនេះយើងមានសេដ្ឋកិច្ចមួយដែលផ្សាភ្ជាប់គ្នា ដោយថ្លឹងថ្លែងច្បាស់លាស់ និងគិតផលប្រយោជន៍រួមជាធំ។

សម្រាប់បញ្ហាចង្វាក់ផ្គត់ផ្គង់ផលិតផលកសិផល លោក ឌិត ទីណា បានលើកឡើងពីវិធីសាស្ត្រដោះស្រាយ ដែលវិធីសាស្ត្រនោះគឺជាការចងក្រងនូវសហគមន៍ រួមផ្សំជាមួយនឹងការរៀបចំខ្សែចង្វាក់តម្លៃជាមួយគ្នា ដោយត្រូវការនូវរយៈពេលសមរម្យក្នុងការរៀបចំឱ្យលេចចេញនូវកិច្ចការនេះហើយ ក៏ប៉ុន្តែនៅក្នុងអាណត្តិអ្វីដែលក្រសួងព្យាយាមធ្វើគឺ កសាងខ្សែចង្វាក់ផ្គត់ផ្គង់មួយដែលមានស្ថេរភាព ហើយតម្លៃទៀតសោតអាចធានាទៅបាន៕