(ពោធិ៍សាត់)៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសារឆ្លងចរន្តអគ្គិសនី ក្រោយពីយកដុំម៉ូទ័របូមទឹកទៅដាក់ក្នុងទឹកអូរ រួចដោតព្រីភ្លើងជាប់នឹងសសរទាំងដៃនៅសើម។ ហេតុការណ៍នេះ កើតឡើងនៅចំណុចអូរសាបមាត់លើ ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថា បុរសដែលស្លាប់នោះ មានឈ្មោះ ភឹម សុខឃឿន អាយុ៣២ឆ្នាំ មានប្រពន្ធឈ្មោះ ពុំ កេសី អាយុ៣២ឆ្នាំ មានទីលំនៅភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
លោកអធិការបន្ដថា នៅវេលាម៉ោង១១៖៥០នាទីព្រឹកម្សិលមិញ ជនរងគ្រោះបានយកដុំម៉ូទ័របូមទឹក ទៅដាក់ក្នុងទឹកអូរ ហើយប្រហែលជាទទឹកខ្លួន ឬសើមដៃ គាត់ក៏បានដោតព្រីភ្លើងជាប់នឹងសសរ ពេលដោតទៅស្រាប់តែឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង។
ក្រោយពេលកើតហេតុ ក្រុមគ្រួសារក៏បានព្យាយាមបញ្ជូនគាត់ទៅមណ្ឌលសុខភាព ដើម្បីជួយសង្គ្រោះ តែជាអកុសលជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។ បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕