(ឧត្តរមានជ័យ)៖ សាលាដំបូងខេត្តឧត្តរមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីចំណាត់ការសំណុំរឿងក្មេងទំនើងចំនួន២ក្រុម មានគ្នាចំនួន១០នាក់ ដែលប្រើប្រាស់កាំបិតចុងស្រួច(ដាវ) កាំបិតផ្គាក់ និងកាំបិតកាចែត ជិះម៉ូតូដេញកាប់គ្នា នៅភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។

យោងសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ក្រុមក្មេងទំនើងទាំង១០នាក់នេះ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្ត ចោទប្រកាន់ពីបទ «ធ្វើឱ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស និងបទកាន់កាប់ និងដឹកជញ្ជូនអាវុធគ្មានច្បាប់អនុញ្ញាត» តាមមាត្រា២៩ មាត្រា៤១០ មាត្រា៤៩០នៃក្រមព្រហ្មទណ្ឌ។

បន្តាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងក្នុងសំណុំរឿង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តឧត្តរមានជ័យ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នជនត្រូវចោទទាំង១០នាក់ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។ ចំពោះសកម្មភាពរបស់ក្មេងទំនើង ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ តុលាការបាននិងកំពុងបន្តអនុវត្តច្បាប់ ដោយម៉ឺងម៉ាត់និងតឹងរឹងបំផុត៕