(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បន្តអញ្ជើញសំណេះសំណាល និងជូនដំណើរសាសនិកឥស្លាមកម្ពុជាចំនួន១៥០នាក់ទៀត ទៅធ្វើបុណ្យធម្មយាត្រាហាជ្ជ នៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់ជើងទី៤ នៃឆ្នាំ២០២៤។

ការចេញដំណើរនេះ នឹងធ្វើឡើងជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ខណៈឆ្នាំនេះមានសាសនិកឥស្លាមកម្ពុជា ចំនួន៩១១នាក់ ចេញទៅធ្វើបុណ្យហាជ្ជនេះ ដោយក្នុងម្នាក់ៗចំណាយប្រមាណ៦,០០០ដុល្លារដែល គិតជាថវិកាសរុបប្រមាណ៥.៥លានដុល្លារ។

ក្នុងចំណោម៩១១នាក់ខាងលើ ក្នុងនោះក៏មានព្រះរាជទាន ពីព្រះចៅ សាល់ម៉ាន់ ព្រះមហាក្សត្រប្រទេសអារ៉ាប៊ីសាអ៊ូឌីត និង ព្រះអង្គម្ចាស់រាជទាយាទមូហាំម៉ាត់ ពិនសាល់ម៉ាន់ នាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត ចំនួន២០នាក់ផងដែរ។

ក្នុងឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានលើកឡើងថា កាលពីឆ្នាំ២០២៣កន្លងទៅ សាសនិកឥស្លាមកម្ពុជា បានទៅប្រតិបត្តិបុណ្យហាជ្ជនេះមានចំនួន៩៥៧រូប ក្នុងនោះក៏មានព្រះរាជទានពីព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត ចំនួន២០រូបដូចឆ្នាំនេះផងដែរ ដោយក្នុងម្នាក់ៗចំណាយចន្លោះពី៦,៥០០ ទៅ៧,៥០០ដុល្លារ ខណៈឆ្នាំនេះក្នុងម្នាក់ៗចំណាយចន្លោះពី៦,០០០ ទៅ៦,៣០០ដុល្លារប៉ុណ្ណោះ ដោយមានតម្លៃទាបជាងឆ្នាំមុន។

លោកបានបន្ដថា ជាទូទៅការទៅប្រតិបត្តិបុណ្យហាជ្ជនេះ ភាគច្រើនមានរយៈពេល៤០ថ្ងៃ ដោយឡែកកាលពីឆ្នាំ២០២៣ កន្លងទៅសាសនិកឥស្លាមកម្ពុជាមួយចំនួន បានស្ម័គ្រចិត្តការប្រតិបត្តិនេះរយៈពេលជាង៣០ថ្ងៃប៉ុណ្ណោះ ដោយសារពួកគាត់ចង់វិលត្រឡប់មកបំពេញកាតព្វកិច្ចបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ដើម្បីចូលរួមបោះឆ្នោតគាំទ្រដល់រាជរដ្ឋាភិបាល ព្រោះបើគាត់នៅដល់រយៈពេល៤០ថ្ងៃនោះ គឺហួសថ្ងៃបោះឆ្នោតដែលប្រព្រឹត្តនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

លោកបណ្ឌិត អូស្មាន ហាស្សាន់ គូសបញ្ជាក់ថា ការចេញដំណើររបស់សាសនិកឥស្លាមកម្ពុជា នាពេលនេះសបញ្ជាក់ឲ្យឃើញថា សព្វថ្ងៃសាសនិកឥស្លាមកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស មានជីវភាពធូរធារ និងការវិវត្តស្ថានភាពរស់នៅរបស់ខ្លួនឆ្ពោះទៅមុខជាបន្តបន្ទាប់ ដែលជាចំណែកមួយនៃការកើនឡើងនៃសេដ្ឋកិច្ចជាតិ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

លោកបានផ្ដាំផ្ញើ និងការជូនពរដល់អ្នកដែលអញ្ជើញទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជនាថ្ងៃនេះ ព្រមទាំងអ្នកចេញដំណើរជាបន្តបន្ទាប់ សូមប្រកបដោយ សេចក្តីសុខសុវត្ថិភាព និងបំពេញកាតព្វកិច្ច របស់ខ្លួនគ្រប់លក្ខណៈតាមក្បួនច្បាប់របស់សាសនាឥស្លាម៕