(កំពង់ចាម)៖ លោក ហួត ហាក់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងត្រង់ និងលោក អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាស្រុកស្ទឹងត្រង់ បានអញ្ជើញប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង១២ ស្រុកស្ទឹងត្រង់ និងផ្សព្វផ្សាយសេចក្ដីណែនាំនានា ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋា។

ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានស្នើក្រុមការងារថ្នាក់មូលដ្ឋានសហការឲ្យកាន់តែល្អបន្ថែមទៀត ជាមួយ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ព្រោះមានតែក្រុមការងារនេះទេដែលអាចជួយតម្រង់ទិស ដើម្បីឲ្យការអនុវត្តការងារប្រព្រឹត្តិទៅបានជោគជ័យ។ ជាងនេះទៅទៀត សូមឲ្យពិនិត្យទៅលើការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ដោយអនុវត្តទៅតាមផែនការដែលមានស្រាប់ គឺគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព។

លោក អ៊ុន ចាន់ដា ណែនាំឲ្យមន្ត្រីមូលដ្ឋានពង្រឹងការផ្ដល់សេវាសាធារណៈឲ្យបានល្អ និងមានប្រសិទ្ធផល ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវឥរិយាបថ សមរម្យ ថ្លៃថ្នូរ ធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋ។

លោក ហួត ហាក់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងត្រង់ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានឆន្ទៈខ្ពស់ក្នុងការសម្រេចបាននូវចក្ខុវិស័យ ប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ និងការដាក់ចេញគន្លឹះអាទិភាពចំនួន ៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា (ឌីជីថល)។

លោក ហួត ហាក់ បានស្នើក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានថ្នាក់ស្រុក និងឃុំទាំង១២ ក្នុងស្រុកស្ទឹងត្រង់ ត្រូវរៀបចំផែនការសកម្មភាព និងរបៀបរបបការងាររៀងៗខ្លួន។

ម្យ៉ាងទៀតគ្រប់ឃុំទាំង១២ ត្រូវមានផែនការសកម្មភាព និងរបៀបរបបការងារទាំង៥ រួមមាន៖ របបប្រជុំ របបរាយការណ៍ របបរៀនសូត្រ របបចុះមូលដ្ឋាន ,និងរបបតាមដានត្រួតពិនិត្យ ដើម្បីក្ដាប់ឲ្យបានពីកង្វល់ និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕