(សៀមរាប)៖ កម្ពុជាបានចាប់ផ្តើមបើកកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០, កិច្ចប្រជុំគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៨៥ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី០៣ដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។
នៅថ្ងៃទី៣ មិថុនា ឆ្នាំ២០២៤នេះ អនុគណៈកម្មាធិការអាស៊ានផ្នែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងធនធានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (SCIRD-60) បានបើកកិច្ចប្រជុំលើកទី៦០របស់ខ្លួន ដោយមានការអញ្ញើញ ចូលរួមពីគណៈប្រតិភូមកពីបណ្តាប្រទេសសមាជិកអាស៊ានទាំង១០ ប្រទេសទីម័រខាងកើត និងលេខាធិការដ្ឋានអាស៊ាន ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗ និងភាពជឿនលឿននៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងធនធានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់តំបន់។
លោក កែវ សុជាតិ អគ្គនាយកវិទ្យាស្ថានជាតិ វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុត្តន៍ បានលើកឡើងថា «យើងមានកិត្តិយសក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០, កិច្ចប្រជុំគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៨៥ និងកិច្ចប្រជុំពាក់ព័ន្ធ។ ជាវេទិកាទាំងនេះមានសារៈសំខាន់សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការផ្នែកវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងតំបន់ ហើយក្នុងនាមជាប្រធានប្តូរវេន កម្ពុជាប្តេជ្ញាជំរុញការបង្កើនសមត្ថភាពផ្នែកវិទ្យាសាស្ត្ររបស់អាស៊ាន និងលើកកម្ពស់នវានុវត្តន៍សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។»
កិច្ចប្រជុំទាំងនេះ មានគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងជំរុញការអនុវត្តផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០១៦-២០២៥ (APASTI 2016-2025) ព្រមទាំងពិភាក្សា ដើម្បីរៀបចំផែនការសកម្មភាពអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់រយៈពេល១០ឆ្នាំបន្ទាប់ (APASTI 2026-2០35)។
ផែនការសកម្មភាពអាស៊ាន ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាផែនទីបង្ហាញផ្លូវដែលមានគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងតំបន់អាស៊ាន។ ផែនការនេះបង្ហាញ សកម្មភាពអាទិភាព ដូចជាការបង្កើនសមត្ថភាពស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D), ការលើកកម្ពស់ការផ្ទេរបច្ចេកវិទ្យា និងនវានុវត្តន៍, ការកែលម្អការអប់រំផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, និងការលើកកម្ពស់ភាពជាដៃគូជាមួយ វិស័យឯកជនជាដើម។ គោលដៅចុងក្រោយនៃផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺដើម្បីទាញយកសក្តានុពលនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់តំបន់។
គម្រោងកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនាអាស៊ានដូចជាអូស្ត្រាលី កាណាដា ចិន ឥណ្ឌា ជប៉ុន កូរ៉េ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ក៏ត្រូវបានពិភាក្សាផងដែរ។ លើសពីនេះ របាយការណ៍ពីស្ថាប័នបុត្រសម្ព័ន្ធ និងបណ្តាញផ្សេងៗ ដូចជាក្រុមអ្នកជំនាញផ្នែកមាត្រាសាស្ត្រ បណ្តាញអ្នកវិទ្យាសាស្ត្រវ័យក្មេងអាស៊ាន និងបណ្តាញអាស៊ាន ស្តីពីសេដ្ឋកិច្ចបៃតងវិលជុំ ក៏ត្រូវបានបង្ហាញក្នុងកិច្ចប្រជុំនេះផងដែរ៕