(កំពង់ស្ពឺ)៖ អ្នកស្ម័គ្រស្មោះអតីតគណបក្សសង្គ្រោះជាតិ និងបក្សភ្លើងទៀន នៅក្នុងខេត្ត​កំពង់ស្ពឺ បានសម្រេចចិត្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់​ពី​ពួកគេអស់ជំនឿចិត្តលើការដឹកនាំរបស់មេដឹកនាំប្រឆាំង ដែលគ្មានយុទ្ធសាស្ត្រ និងចេះ​តែ​បែកបាក់គ្នា។

អ្នកស្មោះស្ម័គ្រអតីតបក្សសង្គ្រោះជាតិ ដែលសុំចូលរួមជីវភាពនយោបាយ​ជាមួយ​គណ​បក្សប្រជាជនកម្ពុជានេះរួមមាន៖ ១) លោក ហែម សុវណ្ណ អតីតអនុប្រធានប្រតិបត្តិ​អតីត​គណបក្សសង្គ្រោះជាតិប្រចាំស្រុកថ្ពង ខេត្តកំពង់ស្ពឺ, ២) អ្នកស្រី ហ៊ុយ ស្រីនាង អតីតសកម្មជនគណបក្សភ្លើងទៀនស្រុកគងពិសី។

លោក ហែម សុវណ្ណ និងអ្នកស្រី ហ៊ុយ ស្រីនាង គឺជាបុគ្គលដែលមានភក្តីភាពជាមួយ​បក្ស​ប្រឆាំង និងបានលះបង់ពេលវេលាជាច្រើន ដើម្បីពង្រឹងសកម្មភាពបក្សប្រឆាំងនៅ​មូលដ្ឋាន ក្នុងក្តីរំពឹងទុកថា បក្សប្រឆាំងអាចរួមចំណែកធ្វើឱ្យប្រទេសជាតិមានភាពល្អ​ប្រសើរ។

បន្ទាប់ពីការជួយជ្រោមជ្រែងអស់ជាច្រើនឆ្នាំ គណបក្សប្រឆាំងមិនអាចធ្វើសកម្មភាព សម្រេចបានលទ្ធផលតាមការចង់បានរបស់លោក ហែម សុវណ្ណ និងអ្នកស្រី ហ៊ុយ ស្រីនាង នោះឡើយ។ លោក ហែម សុវណ្ណ និងអ្នកស្រី ហ៊ុយ ស្រីនាង បានអះអាងថា បក្សប្រឆាំងមិនបានធ្វើសកម្មភាពឱ្យដូចអ្វីដែលជាការអះអាងនោះឡើយ ផ្ទុយទៅវិញបក្សចេះអន់ថយ និងមានការបែកបាកផ្ទៃក្នុង បណ្តាលមកពីកម្សោយនៃការដឹកនាំរបស់មេដឹកនាំបក្ស។

ដោយអស់សង្ឃឹមនឹងការផ្ញើជោគវាសនាជាមួយបក្សប្រឆាំងដែលចេះតែទន់ខ្សោយនេះហើយ ទើបលោក ហែម សុវណ្ណ និងអ្នកស្រី ហ៊ុយ ស្រីនាង សម្រេចចិត្តដើរចេញពីបក្សប្រឆាំងដែលខ្លួនធ្លាប់ស្រឡាញ់ពេញចិត្ត និងសម្រេចចិត្តមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។

ការសម្រេចចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងកាន់អំណាចនេះ ក៏ដោយសារតែលោក ហែម សុវណ្ណ និងអ្នកស្រី ហ៊ុយ ស្រីនាង បានមើលឃើញច្បាស់ពីការដឹកនាំ និងគោលនយោបាយរបស់បក្សប្រជាជនកម្ពុជា មានសាមគ្គីភាពផ្ទៃក្នុងរឹងមាំ។ ជាពិសេសបានតម្កល់ខ្ពស់នូវប្រយោជន៍ជាតិ។

លោក ហែម សុវណ្ណ និងអ្នកស្រី ហ៊ុយ ស្រីនាង បានគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្តល់ឱកាសឱ្យពួកគាត់បានរួមរស់ជាមួយបក្សកាន់អំណាច និងធ្វើសកម្មភាពជាមួយបក្ស ដើម្បីរួមចំណែកជួយដល់សង្គមជាតិ៕