(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណ: បានអនុញ្ញាតឲ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាម៉េរិកប្រចាំប្រទេសចិនភាគខាងត្បូង (American Chamber of Commerce in South China) និងប្រតិភូក្រុមហ៊ុន Allelon Energy Group ដឹកនាំដោយលោកបណ្ឌិត Harley Seyedin ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីសប្ដាហ៍កន្លងទៅ។

ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបង្ហាញនូវការស្វាគមន៍គណៈប្រតិភូទាំងអស់ ដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជា និងមានបំណងស្វែងយល់អំពីបច្ចុប្បន្នភាព និងសក្ដានុពលវិនិយោគរបស់កម្ពុជា។

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានជម្រាបជូន គណៈប្រតិភូអំពីកត្តាសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាពិសេសយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនាចំនួន៥ គឺ «កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព» និងមានអាទិភាពគន្លឹះចំនួន៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា» ជាពិសេសគឺ «បច្ចេកវិទ្យាឌីជីថល» សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មជំនាន់ទី៤ និងបរិវត្តកម្ម ឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និងជាមធ្យោបាយដ៏សំខាន់ៗ នៃការសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និង២០៥០។

លោក ហ៊ុន ម៉ានី បានជម្រាបជូនដល់ប្រតិភូពីការធ្វើកំណែទម្រង់ជាច្រើនរបស់រាជរដ្ឋាភិបាលថ្មី ដើម្បីបង្កបរិយាកាសវិនិយោគនៅកម្ពុជា ឲ្យកាន់តែល្អប្រសើរ ជាពិសេសច្បាប់វិនិយោគ ដែលបង្កភាពងាយស្រួលដល់វិនិយោគិន រួមមាន ការផ្ដល់ការលើកទឹកចិត្តក្នុងគម្រោង និងភាពបើកចំហររបស់កម្ពុជាក្នុងការទទួលរាល់វិនិយោគិនពីគ្រប់បណ្ដាប្រទេស។ បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជា បានបង្កភាពងាយស្រួល និងប្រទាក់ក្រឡាជូនដល់វិនិយោគិន តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសផងដែរ។

ជាមួយគ្នានេះ តាមរយៈបទបង្ហាញរបស់របស់ លោកបណ្ឌិត Harley Seyedin ប្រធានសភាពាណិជ្ជកម្មអាមេរិក ប្រចាំប្រទេសចិនភាគខាងត្បូង និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Allelon Energy Group បានបង្ហាញថាបច្ចុប្បន្ននៅក្នុងសភាពាណិជ្ជកម្មរបស់លោកមានសមាជិក ចំនួន២,៣០០ក្រុមហ៊ុន ហើយដែលបានបណ្តាក់ទុនវិនិយោគ ជាង៣០០ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅប្រទេសចិន ឬប្រមាណជា៤០% នៃបណ្តាវិនិយោគសរុបរបស់ក្រុមហ៊ុនអាមេរិកនៅប្រទេសចិន។

ដូចទៅនឹងអនុសាសន៍របស់ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី និងដោយមើលឃើញពីកត្តាសុខសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យដ៏លឿនរបស់កម្ពុជា ទីតាំងភូមិសាស្រ្តដ៏ល្អរបស់កម្ពុជា ក្នុងអាស៊ាន និងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មល្អរបស់កម្ពុជា ជាមួយបណ្តាប្រទេសក្នុងតំបន់ និងសាកលលោក ព្រមទាំងសក្តានុពលវិនិយោគនៃប្រទេសកម្ពុជា លោក និងប្រតិភូ នឹងសិក្សាពីលទ្ធភាព នៃការបណ្តាក់ទុនវិនិយោគលើវិស័យមួយចំនួនដូចជា ថាមពលថ្មី (New Energy) ខ្សែបណ្តាញអគ្គិសនី (Transmission Line) ការផលិតផលិតផលសម្រាប់បម្រើវិស័យថាមពលស្អាត និងតំបន់សេដ្ឋកិច្ចពិសេសជាដើម។

ទន្ទឹមនឹងនេះ លោកបណ្ឌិត Harley Seyedin បានសន្យាថា នឹងបង្កើនកិច្ចសហប្រតិបត្តិការល្អរវាងបណ្តាក្រុមហ៊ុនអាមេរិក ដែលវិនិយោគនៅប្រទេសចិនភាគខាងត្បូង ជាមួយប្រទេសកម្ពុជាផងដែរ។

សូមជម្រាបជូនថា លោកបណ្ឌិត Harley Seyedin ក្រៅពីតួនាទីជាប្រធានសភាពាណិជ្ជកម្មអាមេរិក ប្រចាំប្រទេសចិនភាគខាងត្បូង លោកក៏ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Allelon Energy Group ដែលជាក្រុមហ៊ុនធំមួយ ក្នុងចំណោមក្រុមហ៊ុនធំទាំង៦របស់ប្រទេសចិន លើវិស័យថាមពល ហើយលោកក៏ជាពាណិជ្ជករដ៏ឆ្នើមមួយរូប ដែលទទួលបានពានរង្វាន់ Oslo Business for Peace Award កាលពីឆ្នាំ២០១៧ជាមួយមហាសេដ្ឋីពិភពលោកគឺលោក Elon Musk, Durreen Shahnaz and Murad Al-Katib ផងដែរ៕