(ភ្នំពេញ)៖ ព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានរៀបចំព្រះរាជពិធីថ្វាយព្រះភ្លើងរួចរាល់ហើយ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០៤នេះ បន្ទាប់ពីរៀបចំធ្វើព្រះរាជពិធីបុណ្យថ្វាយព្រះរាជកុសលរយៈពេល ១០០ថ្ងៃ។ ព្រះរាជពិធីថ្វាយព្រះភ្លើង ត្រូវប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងព្រះរាជពិធីនេះ ក៏មានការយាង និមន្ដចូលរួមពីព្រះសម្ដេចសង្ឃ ព្រះសង្ឃ ព្រមទាំងមានការអញ្ជើញចូលរួមពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា និងឥស្សរជនជាន់ខ្ពស់ជាច្រើនរូបទៀត, មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសិស្ស និស្សិត ព្រមទាំងប្រជាពលរដ្ឋជាច្រើនរូប ក្នុងក្តីសោកសង្រេង ស្រណោះអាឡ័យជាពន់ពេក។
មុនឈានដល់ព្រះរាជពិធីថ្វាយព្រះភ្លើង ព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ត្រូវបានពីដង្ហែពីវត្តឧណ្ណាលោម តាមតីរវិថីព្រះស៊ីសុវត្ថិ រហូតដល់រង្វង់មូលដើមពោធិ៍ទន្លេសាប បត់ឆ្វេងមកវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រង្វង់មូលវត្តភ្នំ ឆ្ពោះទៅតាមមហាវិថីព្រះនរោត្តម រហូតដល់រង្វង់មូលវិមានឯករាជ្យ បត់ឆ្វេងតាមមហាវិថីព្រះសីហនុ ឆ្ពោះទៅវិថីឧកញ៉ាសួរស្រ៊ុន រហូតដល់ទីតាំងព្រះមេរុ នៅមុខវត្តបទុមវតី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
បន្ទាប់ពីព្រះសពត្រូវបានដង្ហែដល់ព្រះមេរុ ព្រះរាជពិធីនានាតាមប្រពៃណីព្រះពុទ្ធសាសនាត្រូវបានប្រព្រឹត្តទៅជាបន្តបន្ទាប់។ បន្ទាប់មកព្រះមហាក្សត្រ បានយាងថ្វាយព្រះភ្លើងបូជាព្រះបរមសព។
សូមរំលឹកថា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានយាងចូលទិវង្គត កាលពីថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ១៧៖៤០នាទី ដោយព្រះជរាពាធ ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា នាព្រះរាជដំណាក់ក្នុងវត្តឧណ្ណាលោម រាជធានីភ្នំពេញ។ ព្រះបរមសពរបស់ព្រះអង្គ ត្រូវបានដម្កល់ទុក១០០ថ្ងៃ ដើម្បីឱ្យសាធារណជនចូលរួមគោរបូជា។
សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ត្រូវបានតែងតាំងជាសម្ដេចព្រះមហាសង្ឃរាជ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០០៦ ដោយព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ព្រះអង្គត្រូវបានប្រសូត្រនៅឆ្នាំ១៩៣២។ ទ្រង់បានបួសអស់រយៈពេល៤៥ឆ្នាំ ដែលគិតចាប់ពីឆ្នាំ១៩៧៩ រហូតដល់ទ្រង់យាងចូលព្រះទិវង្គត នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្នុងជន្មាយុ៩៣ព្រះវស្សា។
ក្នុងព្រះនាមទ្រង់ជាសម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានកសាងសមិទ្ធផល និងស្នាព្រះហស្តជាច្រើនទាំងផ្នែកសាសនា ក្នុងការចូលរួមចំណែកសាងសង់សមិទ្ធផលនានាក្នុងសង្គម និងការកសាងកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ៕