(សៀមរាប)៖ យោងតាមគេហទំព័រ Mornings.co.uk ដែលប្រមូលទិន្នន័យ និងស្វែងរកពាក្យគន្លឹះ «ថ្ងៃរះ» នៅក្នុងប្រទេសប្រមាណ៧២ប្រទេសនៅជុំវិញពិភពលោក ក្នុងនោះប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ជាប់ជាទីតាំងដែលទទួលបានការលើកឡើងច្រើនជាងគេ និងត្រូវបានចាត់ទុកថា «ជាកន្លែងដែលល្អបំផុតសម្រាប់ការទស្សនាព្រះអាទិត្យរះ»

ជាការពិតណាស់ ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្តនេះ តាមទ្រឹស្ដីតារាសាស្ត្រគឹហៅថា សមរាត្រី (Equinox) ដែលតែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) ហើយកើតទ្បើងនៅអំឡុងខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅអំឡុងខែកញ្ញា។ ម៉្យាងវិញទៀត សមរាត្រីជាវេលាដែលថ្ងៃនិងយប់មានរយៈពេលស្ទើរតែស្មើគ្នា ហើយក្រៅពីនេះខែខ្លះថ្ងៃមានរយៈពេលវែងជាងយប់ ហើយខ្លះទៀតយប់មានរយៈពេលវែងជាងថ្ងៃវិញ។

លោក អ៉ឹម សុខរិទ្ធី បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា ធ្លាប់បានពន្យល់ថា ព្រឹត្តិការណ៍ដែលព្រះអាទិត្យរះចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្តនេះមិនមែនជារឿងចៃដន្យនោះទេ តែជាព្រះរាជតម្រិះគិតគូររៀបចំទុកជាមុនរបស់ព្រះមហាក្សត្រ ព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០) និងព្រាហ្មទិវាករបណ្ឌិត ដែលជាព្រះរាជបុរោហិតរបស់ព្រះរាជា។

ប្រាសាទអង្គរវត្តត្រូវបានស្ថាបនាឡើងក្នុងព្រះបាទសូរ្យវរ្ម័នទី២ ចាប់ពីឆ្នាំ១១១៣-១១៥០ ដែលជាមហាប្រាសាទដ៏អស្ចារ្យជាងគេមួយក្នុងប្រវត្តិសាស្ត្រខ្មែរ ហើយបច្ចុប្បន្នក៏បានជាប់ឈ្មោះជាសំណង់សាសនដ្ឋានដ៏ធំជាងគេនៅលើពិភពលោកផងដែរ៕