(សិង្ហបុរី)៖ ក្រុមហ៊ុន CBS ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប មានកិត្តិយសដោយបានទទួលនូវពានរង្វាន់ Digital Transformation Award នៅក្នុងព្រឹត្តិការណ៍ 2024 Asia-Pacific Broadcasting+ Awards កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ។ ព្រឹត្តិការណ៍ដ៏មានកិត្យានុភាពនេះ បង្កើតឡើងដើម្បីអបអរសារទនូវភាពល្អឥតខ្ចោះ និងការច្នៃប្រឌិតនៅក្នុងឧស្សាហកម្មផ្សព្វផ្សាយនៅលើពិភពលោក។

នៅព្រឹកថ្ងៃដដែល លោក Dave Ulmer នាយកប្រតិបត្តិនៃក្រុមហ៊ុន CBS បានថ្លែងសុន្ទរកថាបើកកម្មវិធី នៅលើវេទិកា BroadcastAsia ដែលជាវេទិកាបច្ចេកវិទ្យាផ្សព្វផ្សាយដ៏ធំបំផុតនៅក្នុងតំបន់ ដើម្បីចែករំលែកពីដំណើរការនៃការផ្លាស់ប្តូរឌីជីថលដ៏គួរឱ្យកត់សម្គាល់របស់ក្រុមហ៊ុន CBS និងផ្តល់នូវចក្ខុវិស័យនៃផលប៉ះពាល់ជាវិជ្ជមាននៃឌីជីថលភាវូបនីយកម្ម សេវាកម្ម Cloud និងបញ្ញាសិប្បនិម្មិត នៅក្នុងឧស្សាហកម្មផ្សព្វផ្សាយ។ កាលពីឆ្នាំកន្លងទៅ CBS បានចាប់ផ្តើមនូវការផ្លាស់ប្តូរឌីជីថល ជាមួយមហិច្ឆតានៃការផ្លាស់ប្តូរទាំងស្រុងនូវការផ្សាយ ការផលិត ការធ្វើទីផ្សារ និងសមត្ថភាពចែកចាយរបស់ខ្លួន។ គំនិតផ្តួចផ្តើមទំនើបភាវូបនីយកម្មនេះ បានរួមបញ្ចូលគ្នានូវសេវាកម្ម Cloud ឧបករណ៍ AI ទំនើប និងយុទ្ធសាស្ត្រអនឡាញប្រកបដោយភាពច្នៃប្រឌិត ដែលធ្វើឱ្យមានការកែលម្អយ៉ាងសំខាន់នៅក្នុងប្រសិទ្ធភាពនៃប្រតិបត្តិការ ការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិត និងការចូលរួមរបស់អតិថិជន។

ការផ្លាស់ប្តូររបស់ CBS ពីកម្មវិធីផ្សាយតាមបែបប្រពៃណីទៅជាអ្នកផលិតមាតិកាឈានមុខគេ និងវេទិកាឌីជីថលបានពង្រីកវិសាលភាពនៃចំនួន អ្នកទស្សនាដ៏មានសក្តានុពលរបស់ខ្លួន៥ដង ពី ២-៣ លាននាក់ ទៅជាង ១៥ លាននាក់ ក្នុងរយៈពេលត្រឹមតែ ៩ ខែប៉ុណ្ណោះ។

ពានរង្វាន់ដ៏មានកិត្យានុភាពនេះ ជាសក្ខីភាពនៃការទទួលស្គាល់នូវការផ្លាស់ប្តូរឌីជីថលរបស់ក្រុមហ៊ុន CBS និងគូសបញ្ជាក់ពី ឥទ្ធិពលនៃបច្ចេកវិទ្យាឌីជីថលដើម្បីធ្វើបដិវត្តគំរូអាជីវកម្ម។ ក្នុងការទទួលយកកិត្តិយសនេះ លោក Dave Ulmer បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបុគ្គលិក និងគណៈគ្រប់គ្រងទាំងអស់ សម្រាប់ការលះបង់ឥតឈប់ឈររបស់ពួកគេ ដែលបានធ្វើឱ្យក្រុមហ៊ុន CBS ក្លាយជាក្រុមហ៊ុនផ្សព្វផ្សាយលំដាប់កំពូលនៅកម្ពុជា និងមានការទទួលស្គាល់ដ៏សក្តិសមនេះ។

អំពីក្រុមហ៊ុន Cambodian Broadcasting Service ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ២០០៣ ក្រុមហ៊ុន CBS ជាក្រុមហ៊ុនស្តង់ដារនៃការច្នៃប្រឌិតនៅក្នុងឧស្សាហកម្មទូរទស្សន៍កម្ពុជា។ CBS ខិតខំធ្វើយ៉ាងណាឱ្យការរស់នៅរបស់ប្រជាជនកម្ពុជាកាន់តែប្រសើរ ដោយផ្តល់នូវទូរទស្សន៍លំដាប់កំពូល ដែលមានទាំងការកម្សាន្ត ការអប់រំ និងការបំផុសគំនិត។ តាមរយៈការផ្តល់ជូននូវការកម្សាន្ត ព័ត៌មាន និងការអប់រំដែលទទួលបានពានរង្វាន់ សម្រាប់អ្នកទស្សនាជាង ១៥ លាននាក់តាមរយៈរលកធាតុអាកាស និងអនឡាញ នៅលើកញ្ចក់ទូរទស្សន៍ និងវេទិកាឌីជីថលរបស់ខ្លួន រួមមាន CTN, MyTV, CNC, CBS Sports និង CBS Digital ក្រុមហ៊ុន CBS បានក្លាយជាក្រុមហ៊ុនផ្សព្វផ្សាយដែលមានចំនួនអ្នកទស្សនា និង គោរពស្រលាញ់ច្រើនបំផុត។

CBS ក៏ជាអ្នកឧបត្ថម្ភដ៏មានមោទកភាព និងជាដៃគូរបស់មូលនិធិកុមារកម្ពុជា (CCF), អង្គការ ISF Cambodia និងអង្គការសប្បុរសធម៌ផ្សេងៗនៃគ្រប់សាសនា លើកកម្ពស់ការគាំទ្រ និងសិទ្ធិអំណាច ដើម្បីផ្លាស់ប្តូរជីវិតរបស់កុមារ និងគ្រួសារក្រខ្សត់នៅកម្ពុជា តាមរយៈការផ្តល់នូវលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព ការថែទាំសុខភាព និងឱកាសនានា៕