(ព្រះសីហនុ)៖ ក្រុមអាជីវករ និងប្រជាពលរដ្ឋប្រមាណជិត ២០០នាក់ កំពុងប្រកបអាជីវកម្មលក់ដូរ ទាំងក្រៅទាំងក្នុង ផ្សារកងកេង  ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នេះ កំពុងតែទទួលរងនូវគំនាបផ្លូវចិត្ត យ៉ាងធ្ងន់ធ្ងរបំផុត ខណៈពេលដែលអាជ្ញាធរខេត្តព្រះសីហនុ ដឹកនាំដោយលោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្ត នឹងដឹកនាំកំលាំងចម្រុះ ប្រដាប់ដោយអាវុធ និងគ្រឿងចក្រ ចូលទៅ កំទេចរុះរើតូបរបស់ពួកគាត់នាម៉ោង៥ និង៣០នាទីព្រឹកព្រលឹម ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ស្អែកនេះ ដោយសំអាងលើ លិខិតលេខ ៣៦៤/១៦ស.ណ.ជ ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ របស់រដ្ឋបាលខេត្តព្រះសីហនុ ។

ជុំវិញការចុះរុះរើផ្សារនេះក្រុមអាជីវករទាំងនោះបានប្រាប់ថា បញ្ហាទំនាស់នៅទីនេះគឺ កើតចេញពីទំនាស់បុគ្គលរវាង ម្ចាស់ផ្សារទាំងពីរ គឺផ្សារកងកេង និងផ្សារស្មាច់ដែង ស្ថិតនៅក្នុងភូមិរាមតែមួយ ទល់មុខគ្នាខណ្ឌដោយផ្លូវជាតិលេខ៤ ។ ប៉ុន្តែដោយផ្សារកងកេង ស្ថិតនៅក្នុងភូមិស្រាប់ដែលមានប្រជាពលរដ្ឋរស់នៅប្រមាណ ៩៥% បានចូលទៅទិញទំនិញ ដោយមិនភ័យព្រួយឆ្លងកាត់ផ្លូវជាតិ ទៅទិញទំនិញ នៅផ្សារស្មាច់ដែងដែលស្ថិតនៅម្ខាងទៀត នៃផ្លូវជាតិលេខ៤ ដែល មានការលំបាកក្នុងការឆ្លងផ្លូវ ។

ផ្តើមចេញពីបញ្ហានេះសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានផ្តល់ ភាពយុត្តិធម៌ជាទីបំផុត ជូនចំពោះបងប្អូន អាជីវករទាំងនោះរួចរាល់ហើយ ជាមួយនិងការស្រលាញ់ដឹងគុណ ចងចាំក្នុងចិត្ត ដែលមិនអាចបំភ្លេចបានក្នុងជីវិតរបស់ ពួកគាត់ គឺនៅថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០១២ សម្តេចតេជោ ហ៊ុន សែន បានចារលើលិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុ ដែលបានរាយការណ៍ពីបញ្ ហានៃបាតុភាពផ្សារទាំង២នេះថា «សុំធ្វើការ សម្របសម្រួលគ្នា ជៀសវាងមានទំនាស់ដូចខ្ញុំ បានណែនាំតាមទូរស័ព្ទប៉ុន្មានថ្ងៃមុន ប៉ុន្តែដំណោះស្រាយចុងក្រោយត្រូវ គោរពដល់ផលប្រយោជន៍ របស់អាជីវករ ព្រោះ យើងមិន អាចបង្ខំអាជីវករបានទេ»

ហើយចាប់តាំងពីពេលនោះមក រដ្ឋបាលខេត្តក៏បានអនុញ្ញាតិអោយ បងប្អូនអាជីវករ ជ្រើសរើសផ្សារលក់ដូរដោយសេរី ប៉ុន្តែអាជីវករទាំងអស់បានសំរេច ចិត្តចូលទៅលក់ក្នុងផ្សារកងកេងធម្មតា ដោយស្ងប់អារម្មណ៍ ហើយជីវភាពក៏មាន ការប្រែប្រួលយ៉ាងខ្លាំងផងដែរចាប់តាំង ពីពេលនោះមក ។

ដែលប្រការនេះធ្វើអោយ ឈ្មោះ សុទ្ធ សំប៉ាញ ជាម្ចាស់ផ្សារស្មាច់ដែង ដែលបានសាងសង់តូបទុក អោយអាជីវករ ចូលទៅលក់ដូរដែរ រងនូវការខាតបង់ ព្រោះបងប្អូនអាជីវករមិនចូល ទៅលក់ទំនិញនៅផ្សាររបស់គាត់ ដោយសារមិនមាន អ្នកភូមិមកទិញទំនិញ ព្រោះមានការលំបាកក្នុងការឆ្លងផ្លូវជាតិ ។

ប៉ុន្តែស្រាប់តែថ្មីៗនេះក៏មានការរត់ការសើរើ រឿងដេញ អាជីវករ អោយទៅលក់នៅផ្សារស្មាច់ដែងឡើងវិញ ដែលអាជីវករ ព្រមទាំងមន្ត្រីសាលាខេត្តបានដាក់ ការសង្ស័យលោក អភិបាលរងខេត្តម្នាក់ ជាអ្នកនៅពីក្រោយរឿងនេះ ។ ដែលប្រការ នេះហាក់បីដូចជាដើរបញ្រ្ចាស់គ្នា ជាមួយនិងសារាចរ លេខ ០៨ស.រ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រង ផ្សារគ្រប់ប្រភេទនៅទូទាំងប្រទេស ដែលចុះ ហត្ថលេខា ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋា ភិបាលកម្ពុជា ក៏ដូចយុទ្ធនាការចុះជួប សាកសួរ សុខទុក្ខមន្ត្រី រាជការ ពុកម៉ែបងប្អូន ប្រជាពលរដ្ឋ និងអាជីវក ដែលកំពុង ប្រកបរបរលក់ដូរ តាមបណ្តាទីផ្សារ នានាជុំវិញប្រទេស ផងដែរ ។

មជ្ឈដ្ឋានអ្នកច្បាប់ រួមទាំងអង្គការសង្គមស៊ីវិល ដែលកំពុងចូលរួមសង្កេតការណ៍ យុទ្ធនាការចុះឈ្មោះបោះឆ្នោត និង មន្ត្រីសាលាខេត្តដែលបំរើការជាយូរឆ្នាំមក ហើយបានសំដែងនូវក្តីបារម្មណ៍ យ៉ាងខ្លាំងចំពោះសកម្មភាព នៅព្រឹកថ្ងៃស្អែក នេះ ខណៈពេលយុទ្ធនាការចុះ ឈ្មោះបោះឆ្នោតកំពុងតែប្រព្រឹត្ត ទៅដោយរលូន និងពិធីបុណ្យ កាន់បិណ្ឌ និងបុណ្យភ្ជុំ បិណ្ឌតាមបែបព្រះពុទ្ធសាសនា កាន់តែកំពុងខិតជិតចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ ដែលអាចនឹងជួបប្រទះនូវ បញ្ហាធ្ងន់ធ្ងរសំរាប់ឃុំមួយនេះ ។

ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមសំនូមពរសម្តេចតេជោ មេត្តាជួយទប់ស្កាត់សកម្មភាពនៅព្រឹកថ្ងៃស្អែកនេះផង ហើយ បញ្ហាដោះស្រាយយ៉ាងណា នោះគួរតែធ្វើនៅក្រោយ ពេលបុណ្យភ្ជុំបិណ្ឌ និងក្រោយពេលបញ្ចប់ការចុះឈ្មោះបោះឆ្នោត ទើបប្រសើរ ៕