(ភ្នំពេញ)៖ លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការតំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងអង្គពិធីមីទ្ទីង និងពិធីសំណេះសំណាលជាមួយកុមារ ដើម្បីអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២ មិថុនា និងទិវាកុមារកម្ពុជា ២០២៤ ដែលប្រារព្ធធ្វើឡើង នៅសាលាមធ្យមវិចិត្រសិល្បៈ។

ថ្លែងក្នុងអង្គពិធី លោករដ្ឋលេខាធិការប្រចាំការ ការប្រារព្ធទិវាកុមារអន្តរជាតិ ១ មិថុនា គឺជាការបង្ហាញឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការលើកស្ទួយសុខមាលភាព សិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារដែលកម្ពុជាបានផ្តល់សច្ចាប័នលើលិខិតុបរកណ៍អន្តរជាតិ និងមានចែងក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ។ រីការប្រារព្ធទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា គឺជាការបង្កើនចលនាពិភពលោកប្រឆាំងពលកម្មកុមារ សំដៅទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារក្នុងទម្រង់ធ្ងន់ធ្ងរ។

លោកបានបន្តថា «សម្រាប់ព្រះរាជាណាចក្រកម្ពុជាវិញ យើងប្រារព្ធទិវាកុមារកម្ពុជានេះឡើង ដើម្បីលើកកម្ពស់ និងជំរុញការយកចិត្តទុកដាក់ចំពោះសុខុមាលភាព សុវត្ថិភាព ការអភិវឌ្ឍកុមារនិងការការពារកុមារពីបញ្ហាប្រឈមនិងការរំលោភបំពានផ្សេងៗ ពិសេសរម្លឹកនូវមហាវិនាសកម្មដ៏ធ្ងន់ធ្ងរដែលបង្កឡើងដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលក្នុងនោះកុមារត្រូវបានបំបិទសិទ្ធិទាំងស្រុង ហើយទទួលនូវការកាប់សម្លាប់ ធ្វើទារុណកម្ម បង្ខំឱ្យធ្វើការជាទម្ងន់ដោយបង្អត់អាហារនិងរស់នៅយ៉ាងលំបាកវេទនា»

លោករដ្ឋលេខាធិការប្រចាំការ បានសង្កត់ធ្ងន់ថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ សិទ្ធិរបស់ប្រជាពលរដ្ឋក្នុងនោះរួមទាំងសិទ្ធិកុមារផង ត្រូវបានការពារ និងលើកតម្កើងដោយមានចែងច្បាស់ក្នុងរដ្ឋធម្មនុញ្ញ យុទ្ធសាស្រ្តចតុកោណ យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ក្របខ័ណ្ឌគោលនយោបាយ កម្មវិធីនយោបាយនិងផែនការរបស់រាជរដ្ឋាភិបាល។

ក្រោយបញ្ចប់ពិធីសំណេះសំណាល ក៏មានកម្មវិធីសម្តែងសិល្បៈទស្សនីយភាពចម្រុះ ដែលសម្តែងដោយសិស្សានុសិស្សសាលាមធ្យមវិចិត្រសិល្បៈអាយុក្រោម១៥ឆ្នាំ ប្រកបដោយបរិយាកាសរីករាយនិងស្នាមញញឹមសន្តិភាព៕