Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក អូបាម៉ា រិះគន់លោក Trump ដែលកំពុងទោទន់ខ្លាំងទៅរុស្ស៊ី និងបានប្រដូចលោក ពូទីន ទៅនឹង លោក សាដាម ហូសេន

14-09-2016 21:43

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា បានរិះគន់យ៉ាងខ្លំាងចំពោះលោក Donald Trump ដែលបានចូលរួមក្នុងកម្មវិធី Larry King ផ្សាយតាមកញ្ចក់ទូរស្សន៍រុស្ស៊ី  Russian Today ដោយមេដឹកនាំជិតផុតអណត្តិរូបនេះ បាននិយាយថាលោក Trump កំពុងស្វែងរកការគំាទ្រពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ហើយលោកថែមទំាងបានប្រដូចលោកពូទីន ទៅនឹងអតីតមេដឹកនំាអ៊ីរ៉ាក់លោក សាដាម ហូសេន ទៀតផង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Russian Today នៅយប់ថៃ្ងពុធ ទី១៤ ខែកញ្ញា ឆ្នំា២០១៦។

លោក អូបាម៉ា បានលើកឡើងថា៖ «នៅពេលអ្នកសារព័ត៌មានសួរគាត់ (លោកTrump) ហេតុអ្វីបានជាអ្នកគាំទ្រលោក វ្ល៉ាឌីមៀ ពូទីន? គាត់បានឆ្លើយថា ព្រោះលោកពូទីន ជាបុរសខ្លំាង។ ដូច្នេះអ្នកទំាងអស់គ្នាមើលចុះ លោកពូទីន មានប្រជាប្រិយភាព៨២% រីឯលោក សាដាម ហូសេន មានប្រជាប្រិយភាព ៩០%»។ លោកអូបាម៉ា បន្ថែមថា បើសិនជាអ្នកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ហើយដកហូតសិទ្ធិសេរីភាពពីពលរដ្ឋ និង ចាប់ខ្លួនអ្នកដែលប្រឆាំងនឹងអ្នក នោះហើយជាអ្វីដែលនឹងកើតឡើង។

ដោយឡែកជុំវិញបញ្ហានេះដែរ អ្នកនំាពាក្យវិមានក្រឹមឡំាង លោក  Dimitry Peskov បាននិយាយថា ការលើកឡើង របស់លោក អូបាម៉ា គ្រាន់តែជាវោហាស័ព្ទមួយ ដែលត្រូវបានគេប្រើ នៅអំឡុងពេលយុទ្ធនាការ ឃោសនាបោះឆ្នោតប៉ុណ្ណោះ ហើយវាក៏មិនអាចធ្វើឱ្យប៉ះពាល់ដល់ជំនឿទុកចិត្ត រវាងប្រទេសទំាងពីរដែរ៕