(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញត្រឡប់មកដល់កម្ពុជាវិញហើយ ក្រោយដឹកនាំប្រតិភូសុខាភិបាល ចូលរួមក្នុងសម័យប្រជុំពេញអង្គនៃមហាសន្និបាតសុខភាពពិភពលោក លើកទី៧៧ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងឱកាសលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ដឹកនាំប្រតិភូសុខាភិបាល អញ្ជើញចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៧ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស គឺតបតាមការអញ្ជើញរបស់អង្គការសុខភាពពិភពលោក ព្រមទាំងទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

មហាសន្និបាតសុខភាពពិភពលោកនេះ គឺជាកិច្ចប្រជុំប្រចាំឆ្នាំរបស់បណ្ដាប្រទេសជាសមាជិកនៃអង្គការសុខភាពពិភពលោក ១៩៤ប្រទេស ដើម្បីពិនិត្យទៅលើវឌ្ឍនៈភាពនៃការងារសុខាភិបាលរបស់ប្រទេសនីមួយៗ ក៏ដូចជាការងារសុខាភិបាលអន្ដរជាតិទាំងមូល ពិសេសការស្វែងរកកត្ដាប្រឈមនានា និងរួមគ្នាដំណោះស្រាយ ដើម្បីធានាឱ្យបាននូវសុខភាព និងសុខុមាលរបស់ប្រជាជនទូទំាងពិភពលោក។

តាមរយៈកិច្ចសម្ភាសជាង ២៧នាទី របស់លោកសាស្ដ្រាចារ្យ ឈាង រ៉ា ជាមួយបណ្ដាញព័ត៌មាន លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានថ្លែងពីអត្ថប្រយោជន៍សម្រាប់កម្ពុជា អំពីការចូលរួមរបស់ប្រតិភូសុខាភិបាលកម្ពុជា ក្នុងមហាសន្និបាតសុខភាពពិភពលោកលើកទី៧៧ ពិសេសការអនុវត្តរបស់សុខាភិបាលកម្ពុជាក្នុងអណត្ដិថ្មីនេះ គឺមានភាពរលូននិងស្របគ្នាតាមគោលនយោបាយនៃអង្គការសុខភាពពិភពលោក។

លោករដ្ឋមន្ដ្រីបានបញ្ជាក់ទៀតថា «ឆ្លៀតក្នុងឱកាសដ៏មមាញឹក នៃការចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៧នេះ គណៈប្រតិភូក្រសួងសុខាភិបាលយើង ក៏បានទទួលជួបប្រជុំពិភាក្សាការងារទ្វេភាគី ជាមួយនាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច។ ទន្ទឹមនឹងនោះយើងក៏បានជម្រាបអំពីអាទិភាពរបស់ក្រសួងសុខាភិបាល និងបានចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងការដឹកនាំ គ្រប់គ្រង វិស័យសុខាភិបាលកម្ពុជា ការខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការពង្រីកវិសាលភាព និងការពង្រឹងគុណភាពសេវាសុខាភិបាល ដើមី្បសម្របទៅតាមការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាព័ត៌មាន និងឌីជីថលសុខាភិបាលផងដែរ»

ដើម្បីជ្រាបកាន់តែច្បាស់ពីខ្លឹមសារនៃកិច្ចប្រជុំពេញអង្គនៃមហាសន្និបាតសុខភាពពិភពលោក លើកទី៧៧ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស សូមលោកអ្នកនាង អញ្ជើញតាមដានទស្សនានូវកិច្ចសម្ភាសទាំងស្រុង របស់លោកសាស្ដ្រាចារ្យ ដូចតទៅ៖