(ភ្នំពេញ)៖ អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ២កន្លែងផ្សេងគ្នា បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ដឹងថា ចំពោះករណីអគ្គិភ័យចំនួន ២ទីតាំងខាងលើនេះ រួមមានដូចខាងក្រោម៖

ករណីអគ្គិភ័យទី១៖ នៅម៉ោង៦៖២០នាទីយប់ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ៤B ផ្លូវបេតុង ក្រុម២ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បានបណ្តាលឲ្យឆាបឆេះបន្ទប់ ទំហំ៤ម៉ែត្រ គុណ៣ម៉ែត្រ ចំនួន១បន្ទប់ រួមទាំងសម្ភារៈមួយចំនួន ហើយពុំបណ្តាលឲ្យឆេះរាលដល់អ្នកក្បែរខាងឡើយ។

ករណីអគ្គិភ័យនេះ ត្រូវបានរលត់ទៅវិញ នៅវេលាម៉ោង ៧៖១០នាទីយប់នាថ្ងៃដដែល ដោយក្នុងនោះប្រើប្រាស់រថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់៣ឡាន ស្មើរនឹង១២ម៉ែត្រគូប និងរថយន្តជំនួយមកពីក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើរនឹង៦ម៉ែត្រគូប និងរថយន្តក្រុមហ៊ុនកាណាឌីយ៉ា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើរនឹង៥ម៉ែត្រគូប។

ករណីអគ្គិភ័យទី២៖ នៅម៉ោង៦៖៣០នាទីយប់ នៅចំណុចផ្លូវលេខ១២៣ កែងផ្លូវលេខ៤២៨ ភូមិ២ សង្កាត់បឹងត្របែក ខណ្ឌចំការមន បានបណ្តាលឲ្យឆាបឆេះតូបដែកប្រក់ស័ង្កសី ចំនួន១តូចអស់ទាំងស្រុង ហើយបណ្តាលឲ្យឆេះរាលដាលដល់តូបលក់គ្រឿងក្រអូបឥវ៉ាន់ចាប់ហួយចំនួន១តូប, យាន្តដ្ឋានជួសជុលរថយន្តចំនួន២យាន្តដ្ឋាន, ផ្ទះថ្មក្រោមឈើចំនួន១ខ្នង, តារាងបាល់ទាត់ខ្នាតតូចចំនួន១តារាង និងរថយន្តម៉ាក់ ហាន់ដាយ ពណ៌ស ចំនួន១គ្រឿងអស់ទាំងស្រុង។

ករណីអគ្គិភ័យនេះ ត្រូវបានរលត់ទៅវិញ នៅវេលាម៉ោង ៨និង០០នាទីយប់នាថ្ងៃដដែល ដោយក្នុងនោះប្រើប្រាស់រថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន១៨គ្រឿង ប្រើប្រាស់ទឹកអស់៥៤ឡាន ស្មើរនឹង២១៦ម៉ែត្រគូប និងរថយន្តជំនួយមកពីក្រសួងមហាផ្ទៃចំនួន៥គ្រឿង ប្រើប្រាស់ទឹកអស់១៤ឡាន ស្មើនឹង ៥៦ម៉ែត្រគូប, រថយន្តអគ្គិភ័យទីក្រុងអូឡាំព្យា ចំនួន១គ្រឿង ប្រើប្រាស់អស់ទឹកអស់១ឡាន ស្មើនឹង៤ម៉ែត្រគូប, រថយន្តអគ្គិភ័យទីក្រុងនរា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡានស្មើនឹង ១២ម៉ែត្រគូប, រថយន្តអគ្គិភ័យទីក្រុងកោះពេជ្រ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់៦ឡាន ស្មើនឹង២៤ម៉ែត្រគូប និងរថយន្តអគ្គិភ័យបុរីប៉េងហួត ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន ស្មើនឹង១២ម៉ែត្រគូប។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បា បញ្ជាក់ថា ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ គឺកម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវដោយរកឃើញថា ករណីទី១ បណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យ និងករណីទី២ បណ្តាលមកពីសាកថ្មកង់អាគុយ (ឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យ) ដោយនៅក្នុងនោះ មិនមានអ្នកណាម្នាក់រងរបួស និងប៉ះពាល់ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋនោះឡើយ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់គ្នា មេត្តាប្រុងប្រយ័ត្នឲ្យខ្ពស់បំផុត។ មុននឹងធ្វើដំណើរចាកចេញពីលំដ្ឋានទៅកាន់តំបន់កំសាន្ត និងទៅកន្លែងធ្វើការក្តី ត្រូវធ្វើការបិទនៅប្រព័ន្ធភ្លើងឲ្យបានត្រឹមត្រូវមុននឹងធ្វើការចាកចេញពីលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។

ក្នុងករណីមានគ្រោះអគ្គិភ័យកើតឡើង សូមបងប្អូនប្រជាពលរដ្ឋរាយការណ៍មកកាន់លេខ៦៦៦ ដើម្បីឲ្យកម្លាំងសមត្ថកិច្ចជំនាញរបស់យើងចេញជួយអន្តរាគមន៍ឲ្យបានទាន់ពេលវេលាផងដែរ៕