(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានជំរុញឱ្យមានការរឹតបន្តឹង ក្នុងការបង្ក្រាបក្រុមក្មេងទំនើងបន្តទៀត ដែលដើរបង្កភាពចលាចល បង្ករភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលបានមកលេងកម្សាន្តក្នុងខេត្ត។ លោកថ្លែងបែបនេះ ពេលចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពត។

លោកអភិបាលខេត្ត បានបន្តថា កន្លងមកការអនុវត្តក្នុងការចុះបង្ក្រាបក្មេងទំនើងរបស់សមត្ថកិច្ចខេត្តកំពត គឺត្រូវបានធ្វើឡើងដូចភ្លៀងរលឹម ព្រមទាំងទទួលបានលទ្ធផលល្អគួរឱ្យកត់សម្គាល់ ក៏ពិតមែន តែទោះជាយ៉ាងណាក៏ដោយ យើងនៅតែបន្តការបង្ក្រាបក្រុមក្មេងទំនើងទាំងនោះ ហើយពេលដែលបង្ក្រាបបានត្រូវតែអនុវត្តទៅតាមច្បាប់ ដោយគ្មានការលើកលែងនោះឡើយ។

លោកអភិបាលខេត្ត បានលើកឡើងទៀតថា ខេត្តកំពត គឺជាខេត្តគោលដៅទេសចរណ៍ដ៏សំខាន់ និងមានភាពទាក់ទាញបំផុតសម្រាប់ទេសចរណ៍ មកសម្រាកកម្សាន្ត ទាំងភ្ញៀវជាតិ និងអន្តរជាតិ ហើយបញ្ហាចំបងបំផុតដែលធ្វើឱ្យមានទំនុកចិត្តពីទេសចរណ៍នោះ គឺបញ្ហាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដូច្នេះយើងត្រូវរួមគ្នាក្នុងការរក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អ ជូនដល់អ្នកដែលមកលេងកម្សាន្ត ហើយប្រសិនបើយើងធ្វើមិនបានល្អនោះទេ ភ្ញៀវទេសចរនឹងបាត់បង់ទំនុកចិត្តក្នុងការមកលេងកម្សាន្ត។

លោកអភិបាលខេត្ត ក៏បានជំរុញនិងលើកទឹកចិត្តដល់កម្លាំងសមត្ថកិច្ចទាំងអស់ត្រូវធ្វើយ៉ាងណាអនុវត្តន៍លើកិច្ចការងារបង្ក្រាបក្មេងទំនើង ឱ្យបានដូចភ្លៀងរលឹម ស្របទៅតាមអនុវសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនាពេលកន្លងមក។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ នាឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ផែនទីបង្ហាញផ្លូវ ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥ សម្តេចបានថ្លែងណែនាំដល់អភិបាលរាជធានី-ខេត្ត ទាំងអស់ រួមជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរឹតបន្តឹងនិងចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ក្នុងការបង្ការទប់ស្កាត់ដោយគ្មានការបន្ធូរបន្ថយ និងគ្មានការលើកលែងនោះឡើយ ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម៕