(ប៉ៃលិន)៖ ដោយអនុវត្តន៍យ៉ាងមើងម៉ាត់ នូវបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា «ចំពោះបញ្ហាក្រុមក្មេងទំនើងជាពិសេសក្រុមដាវសាំម៉ូរ៉ៃ កាប់គ្នាបំផ្លាញនូវទ្រព្យសម្បត្តិ និងបង្ករឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ» លោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានជំរុញដល់កម្លាំងអាជ្ញាធរ កម្លាំងសមត្ថកិច្ច នៅទូទាំងខេត្ត ត្រូវអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង ដោយប្រើប្រាស់ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ក្នុងការបង្ការទប់ស្កាត់ ដោយគ្មានការបន្ធូរបន្ថយ និងគ្មានការលើកលែងនោះឡើយ ដើម្បីធ្វើយ៉ាងណាការពារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម និងត្រូវអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់បំផុតទៅតាមច្បាប់ជាធរមាន ហើយជាក់ស្តែងនៅវេលាម៉ោង ២ និង៣០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលខេត្តប៉ៃលិន បានបង្ក្រាបករណីក្មេងទំនើង(កាប់គ្នា) ១ករណី កើតឡើងនៅចំណុចអូរកប់អង្ករ ភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយឃាត់ខ្លួនបាន ចំនួន ១៤នាក់ និងវត្ថុតាងមួយចំនួនផងដែរ ។

បើតាមការបញ្ជាក់ពីសមត្ថកិច្ចបានឱ្យដឹងថា៖ កាលពីវេលាម៉ោង១៥ នឹង ០០នាទីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ មានក្រុមក្មេងទំនើងចំនួន ០២ក្រុមបានគប់គ្នានៅចំណុចភូមិកូនភ្នំ ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិនដោយក្រុមទី០១ មានគ្នាចំនួន ១០នាក់ ម៉ូតូ ០៥គ្រឿង (ក្រុមក្មេងសាលាឃុំសាលាក្រៅ ឃុំអូរអណ្តូង ឃុំស្ទឹងត្រង់) និងក្រុមទី០២ មានគ្នាចំនួន ០៥នាក់ ម៉ូតូ ០៣គ្រឿង (ភាគីទាំង២ធ្លាប់មានជម្លោះជាមួយគ្នាអំឡុងពេលចូលឆ្នាំខ្មែរ ) លុះមកដល់វេលាម៉ោងប្រហែល ២៣ នឹង ២០នាទី ថ្ងៃទី ៣១ខែឧសភា (ក្រុមទី១ ក្មេងឃុំស្ទឹងកាច់ខេត្តប៉ៃលិន មានចំនួន ១០នាក់ ម៉ូតូ ០៥គ្រឿង ក្រុមដដែលខាងលើ ជាអ្នកបង្ក និងក្រុមទី២ ក្មេងស្រុកកំរៀងមកពី ខេត្តបាត់ដំបង មានគ្នាចំនួន១០នាក់ ម៉ូតូ ០៦គ្រឿង មានគម្រោងមកកាប់ក្មេងឃុំស្ទឹងកាច់ ខេត្តប៉ៃលិន ក្មេងទំនើងបានធ្វើសកម្មម៉ោង០២ នឹង ៣០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ក្រុមក្មេងកំរៀងខេត្តបាត់ដំបងបានត្រឡប់មកធ្វើសកម្មភាពកាប់ក្មេងស្ទឹងកាច់ម្តងទៀត ប៉ុន្តែពេលនោះក្មេងស្ទឹងកាច់ខេត្តប៉ៃលិនបានបែកគ្នាទៅផ្ទះអស់នៅសល់តែ ៣នាក់ កំពុងហូបបង្អែមហើយក្មេងមកពីស្រុកកំរៀងខេត្តបាត់ដំបង ចុះកាប់ធ្វើអោយក្មេងឃុំស្ទឹងកាច់ខេត្តប៉ៃលិន ម្នាក់រងរបួសដៃខាងស្តាំងធ្ងន់(ឈ្មោះ ភឿក ប៊ុនហុង ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិអូរអិល ឃុំស្ទឹងកាច់ និងខូចម៉ូតូមួយគ្រឿងកម្រិតធ្ងន់។

ក្រោយពីសកម្មភាពថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤  សមត្ថកិច្ចនគរបាលខេត្តប៉ៃលិន បានបើកការស៊ើបអង្កេតរហូតឈានដល់ឃាត់ខ្លួនក្រុមក្មេងទំនើងបានចំនួន ១៤ នាក់ រួមជាមួយ វត្ថុតាង ដកហូតបានរួមមាន៖ - ដាវសាំម៉ូរ៉ៃ ចំនួន ០១ ដើម ជារបស់ភាគីខាងរងរបួស - ម៉ូតូ ម៉ាកហុងដាទ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ចំនួន ០១គ្រឿង ខូចប្រហែល៥០ភាគរយជារបស់ភាគីរងរបួស ហើយបន្ទាប់ពីបានសួរនាំក្រុមក្មេងទំនើងបានឆ្លើយសារភាពថា ពួកគាត់ពិតជាបានធ្វើសកម្មភាពខាងលើពិតប្រាកដមែន ហើយបច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ចូនទៅតុលាការដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕