(សៀមរាប)៖ ឆ្លៀតក្នុងឱកាសពេលទំនេរ ក្នុងអំឡុងពេលចូលរួមកម្មវិធីជិះកង់អង្គរលើកទី២ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ក្រុមបាល់ទាត់សេនាយុត្តិធម៌ បានឆ្លៀតរៀបចំការប្រកួតជាមួយក្រុមបាល់ទាត់គ្រុឌមានជ័យ ដែលដឹកនាំដោយលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

ការប្រកួតនេះបានប្រព្រឹត្តទៅនៅរសៀលថ្ងៃសៅរ៍ ទី១ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។ ក្រុមបាល់ទាត់សេនាយុត្តិធម៌ ដែលចូលរួមការប្រកួតនោះសុទ្ធសឹងជាថ្នាក់ដឹកនាំនៃសាលាជម្រះក្តី មេធាវី ក្រឡាបញ្ជី និងអ្នកប្រកបវិជ្ជាជីវៈតុលាការ។

ក្រោយបញ្ចប់ការប្រកួត លោក សេង ប៊ុនឃាង ប្រធានគណៈកម្មការរៀបចំការប្រកួត បានឱ្យដឹងថា ការប្រកួតនេះបានប្រព្រឹត្តទៅក្រោមបរិយាកាសសប្បាយរីករាយក្រៃលែង និងបានប្រព្រឹត្តទៅដោយរលូន។

លោកបានបញ្ជាក់ថា ការប្រកួតនេះ បានរៀបចំឡើងក្នុងពេលទំនេរពីការបំពេញបេសកកម្ម «កម្មវីធីជិះកង់អង្គរលើកទី២» ក្នុងគោលបំណងបង្កើតបរិយាកាសកំសាន្តសប្បាយ រឹតចំណងមិត្តភាព ភាតរភាពក្នុងចំណោមអ្នកបំពេញវិជ្ជាជីវៈតុលាការ និងមហាជន។

លោកបានលើកឡើងថា លទ្ធផលជាបច្ចេកទេស ក្រុមបាល់ទាត់គ្រុឌមានជ័យនៃខេត្តបន្ទាយមានជ័យរកបានគ្រាប់បាល់ចំនួន៥គ្រាប់ រីឯក្រុមបាល់ទាត់សេនាយុត្តិធម៌រកគ្រាប់បាល់បាន២គ្រាប់។

សូមជម្រាបថា ថ្នាក់ដឹកនាំ សមាជិក សមាជិកានៃក្រុមកីឡាសេនាយុត្តិធម៌ប្រមាណ៧០០ នាក់ បានមកបំពេញបេសកកម្មទៅកាន់ខេត្តសៀមរាម រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែឧសភា និងថ្ងៃទី០១-០២ ខែមិថុនា ឆ្នាំ២០២៤ ដែលមានសមាជិក សមាជិកាសុទ្ធសឹងតែជាអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យច្បាប់ និងតុលាការ រួមមាន សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងយុត្តិធម៌, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ចៅក្រមតុលាការ, ចៅក្រមអយ្យការ, មេធាវី, ក្រឡាបញ្ជី, ទីប្រឹក្សាច្បាប់ និងមន្ត្រីរាជការ។

ម្យ៉ាងវិញទៀត ក្រុមកីឡាសេនាយុត្តិធម៌ ក៏ធ្លាប់បានរៀបចំ និងចូលរួមកម្មវិធីផ្សេងៗទៀត រួមមាន កម្មវិធីប្រកួតវាយសីវិស័យយុត្តិធម៌ និងការបរិច្ចាគឈាមដោយស្ម័គ្រចិត្តជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាមផងដែរ៕