(តាកែវ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ នៅថ្ងៃទី០២ ខែមិថុនា​ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកអង្គរបូរី ខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ លោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរបូរី មន្ទីរជំនាញជុំវិញខេត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ សរុបប្រមាណ ៤១០នាក់ នៅសាលាស្រុកអង្គរបូរី។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានប្រកាសតែងតាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរបូរី ដែលលោក សុខុម ភគវន្តមុនី ជាប្រធានក្រុមការងារ។

បន្ថែមលើនេះ លោករដ្ឋមន្ត្រី បានបើកវេទិកាសាធារណៈផ្ទៃក្នុង ដើម្បីឆ្លើយតបទៅនឹងសំណូមពរចាំបាច់នានាក្នុងមូលដ្ឋាន ហើយបានលើកនូវវិធានការដើម្បីដោះស្រាយសម្រាប់អនុវត្តន៍ឱ្យមានប្រសិទ្ធភាព ព្រមទាំងបានណែនាំដល់ក្រុមការងារទាំងអស់ ត្រូវយកចិត្តទុកដាក់តាមការចាត់តាំងដោះស្រាយតម្រូវការនៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕