(ឧត្តរមានជ័យ)៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីគ្រប់គ្រង និងអភិវឌ្ឍតំបន់ទេសចរណ៍ ប្រវត្តិសាស្រ្តអន្លង់វែង លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ និងលោក យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ តំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត អន្លង់វែងឆ្នាំ ២០១៥ ឆមាសទី១ ឆ្នាំ២០១៦ និងទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០១៦ និងឆ្នាំ២០១៧ នៅសាលាខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន ជាសមាជិកគណៈកម្មការ អន្តរក្រសួងមជ្ឈមណ្ឌលឯកសារកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ។
អង្គប្រជុំបានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារកន្លងមក លើការងារអភិវឌ្ឍ រមណីយដ្ឋានប្រវត្តិសាស្រ្តអន្លង់វែង ដែលមានជាអាទិ៍ដូចជា ការរៀបចំគម្រោងសាងសង់ និងបោះបង្គោលព្រំទាំង ១៤ ចំណុច ការបន្តប្រមូលភស្តុតាង ដែលនៅសេសសល់ ការចងក្រងឯកសារប្រវត្តិសាស្រ្តអន្លង់វែង ការជួសជុលបន្ទប់ប្រជុំនៅតំបន់ក៣ (ផ្ទះតាម៉ុក ផ្ទះកណ្តាលលើខ្នងភ្នំដងរែក) ការសាងសង់បញ្ជរព័ត៌មាននៅតំបន់ក១ (កន្លែងដុតខ្មោចប៉ុលពត) ការដាក់ផ្លាកប៉ាណូផែនទីក្នុងរមណីយដ្ឋាន និងការអភិវឌ្ឍរចនាសម្ព័ន្ធនានាជាដើម។
ជាទិសដៅអនុវត្ត បន្តសម្រាប់ឆមាសទី២ ឆ្នាំ២០១៦ និងឆ្នាំ២០១៧ គណៈកម្មការអន្តរក្រសួងបានដាក់ចេញនូវផែនការ ការងារមួយចំនួនដូចជា ការបើកការដ្ឋានសាងសង់របង និងបោះបង្គោលព្រំដី ការរៀបចំប្លង់មេលំអិតសម្រាប់តំបន់ក១ (កន្លែងដុតខ្មោចប៉ុលពត) តំបន់ក២ (កន្លែងកាត់ទោសប៉ុលពត) តំបន់ក៤ (ផ្ទះតាម៉ុក ផ្ទះកណ្តាលលើខ្នងភ្នំដងរែក) និងតំបន់ខ៥ (ផ្ទះតាម៉ុក សារមន្ទីរតាម៉ុក) ការដាក់ឲ្យដំណើរការ «បណ្ណាល័យ និងកន្លែងផ្តល់ព័ត៌មានអំពីតំបន់ប្រវត្តិសាស្រ្ត» ការរៀបចំវគ្គបណ្តុះបណ្តាល គ្រូបង្គោល និងមគ្គុទ្ទេសក៏ទេសចរណ៍អន្លង់វែង និងការរៀបចំខ្សែទស្សនកិច្ ចបេតិកភណ្ឌប្រវត្តិសាស្រ្ត (Heritage Network) ភ្ជាប់តំបន់អន្លង់វែងជាមួយតំបន់ទេសចរណ៍បេតិកភណ្ឌ វប្បធម៌ប្រវត្តិសាស្ត្រ ពិភពលោក សៀមរាបអង្គរ ប្រាសាទព្រះវិហារ និងប្រាសាទវត្តភូ (បេតិកភណ្ឌវប្បធម៌ ពិភពលោកនៅឡាវ )។
គួរកត់សំគាល់ផងដែរថា អន្លង់វែងគឺជាតំបន់ឈរជើង ចុងក្រោយរបស់របបខ្មែរក្រហម ដែលជារបបមួយដែលទទួលខុសត្រូវចំពោះអំពើ ប្រល័យពូជសាសន៍ ការសម្លាប់រង្គាល និងសោកនាដកម្មទាំងឡាយ ដែលមិនអាចរៀបរាប់អស់ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ តំបន់នេះត្រូវបានរាជរដ្ឋាភិបាលកម្ពជាកំណត់ជាតំបន់ ដែលត្រូវអភិរក្ស និងអភិវឌ្ឍជាតិបន់ទេសចរណ៍ប្រវត្តិសាស្រ្តលើផ្ទៃដីចំនួនប្រមាណ ១០០៤ហិកតា តាមរយៈ អនុក្រឹត្យលេខ៣៥ អនក្រ.បក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១០។
ដើម្បីថែរក្សា និងអភិវឌ្ឍតំបន់នេះ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការអន្តរក្រសួង ដោយមានកិច្ចសហការ ជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបច្ចុប្បន្នបានកំពុងបន្តធ្វើការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍជាជំហានៗ នូវរចនាសម្ព័ន្ធនានាក្នុងរមណីយដ្ឋាន។
ទន្ទឹមនឹងនេះ ខេត្តឧត្តរមានជ័យមានរមណីយដ្ឋាន ទេសចរណ៍ជាច្រើនកន្លែងសម្រាប់ ស្វាគមន៍ភ្ញៀវទេសចរ ក្នុងនោះ រមណីយដ្ឋានទេសចរណ៍ ធម្មជាតិមានចំនួន ០៥កន្លែង រមណីយដ្ឋានប្រវត្តិសាស្រ្ត មានចំនួន ១៤កន្លែង ប្រាសាទបុរាណដែលអាច ទៅដល់ចំនួន ០៧កន្លែង ស្ពានបុរាណចំនួន ០១កន្លែង និងរមណីយដ្ឋានថ្មដុះធម្មជាតិចំនួន ០១កន្លែង (ឈ្មោះរលុះធំ) ដែលស្ថិតនៅក្នុងសង្កាត់ កូនទ្រាល ក្រុងសំរោង។
ខេត្តឧត្តរមានជ័យមានច្រកទ្វារអន្តរជាតិចំនួន ០៣ផងដែរ គឺច្រកជាំ-ស្រងាំ ច្រកអូរស្មាច់-ឆុងចម និងច្រកជប់គគីរ-ខ្សៃតាគូ។ តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រអន្លង់វែងនេះ មានចំងាយប្រមាណ ៧០គ.ម ពីទីរួមខេត្តឧត្តរមានជ័យ (ក្រុង សំរោង) ប្រមាណ ១២០គ.ម ពីទីរួមខេត្តព្រះវិហារ និងចំងាយប្រមាណ ១៥៨គ.មពីទីរួមខេត្តសៀមរាប។
ក្នុងឆ្នាំ២០១៥ ខេត្តឧត្តរមានជ័យ បានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន ៨៩,១៨៩នាក់កើនឡើងក្នុងអត្រាប្រមាណ២៣% ក្នុងនោះភ្ញៀវទេសចរមកកាន់តំបន់អន្លង់វែងមានចំនួន ៤១,៥៥៩នាក់កើនឡើងក្នុងអត្រាប្រមាណ ៧២%។ សម្រាប់៨ខែដើមឆ្នាំ២០១៦នេះ ខេត្តឧត្តរមានជ័យបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួន ៩៩,៤៩២នាក់ ក្នុងនោះដែរភ្ញៀវទេសចរ មកកាន់តំបន់អន្លង់វែង មានចំនួន ៤២,២៩២នាក់ កើនប្រមាណ៣៥%៕