(ឧត្តរមានជ័យ)៖ លោក រិទ្ធី ប៉ាក់ អភិបាលស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការទូទាំងស្រុក ដោយមានការចូលរួមពីមាតាបិតា និងសិស្សានុសិស្សជិត៩០០នាក់ និងសប្បុរសជនមកពីខេត្តសុរិន្ទ ប្រទេសថៃ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ បាននាំយកសម្ភារសិក្សា ចែកជូនក្មួយៗ សិស្សានុសិស្ស នៅសាលាបឋមសិក្សា ក្នុងឃុំពង្រ ព្រមទាំងពិិសារអាហារសាមគ្គីជួបជុំគ្នាយ៉ាងសប្បាយរីករាយ ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ។

លោក រិទ្ធី ប៉ាក់ បានថ្លែងដោយក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលថ្ងៃនេះរដ្ឋបាលស្រុក រួមជាមួយលោកគ្រូអ្នកគ្រូ មាតាបិតាសិស្ស ដោយមានការចូលរួមពីសប្បុរសជននៅខេត្តសុរិន្ទ ប្រទេសថៃ បានរៀបចំពិធីចែកសម្ភារសិក្សាដល់សិស្សានិសិស្ស ព្រមទាំងបានរៀបចំអាហារជូនក្មួយៗ ក្នុងន័យចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ០១ មិថុនា ឆ្នាំ២០២៤ នាពេលនេះ។

លោកអភិបាលស្រុកបានថ្ងែងទៀតថា ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១មិថុនា ឆ្នាំនេះ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ«ការវិនិយោគ លើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្សក្នុងយុគសម័យបរិវិត្តកម្មឌីជីថល» និងទិវាពិភពលោកប្រឆាំង ពលកម្មកុមារ១២មិថុនា ក្រោមប្រធានបទ«រួមគ្នាអនុវត្តការប្តេជ្ញាចិត្តដើម្បីបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ»ដើម្បីរំលឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់កុមារ ជាពិសេសសុវត្ថិភាពកុមារតាមប្រព័ន្ធ ឌីជីថល ដោយជួយគាំទ្រដល់កុមាររងគ្រោះ និងងាយរងគ្រោះពីការគំរាមកំហែង ការកេងប្រវញ្ច និងការរំលោភបំពាននានាតាមប្រព័ន្ធ អនឡាញបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព សំដៅធានាថាកុមាររស់នៅ និងអភិវឌ្ឍដោយសុខដុមរមនា ក្រោមម្លប់សន្តិភាព។

លោកថា ក្នុងឱកាសខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៣ ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានចេញនូវសារលិខិត ចូលរួមអបអរដោយបានគូសបញ្ជាក់ថា កុមារ គឺជាធនធានដែលមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រទេសជាតិ៕