(កូរ៉េខាងត្បូង)៖ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង លោក ឡុង ឌីម៉ង់ បានជួយសង្គ្រោះនារីពលការិនីខ្មែរម្នាក់ទៀត បានដោយជោគជ័យ ក្រោយពីរូបនាងត្រូវមេការជនជាតិចិន វាយធ្វើបាប និងប៉ងចាប់រំលោភទៀតផង។
មន្រ្តីស្ថានទូតកូរ៉េខាងត្បូងបានថ្លែងប្រាប់អង្គភាព Fresh News នៅយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះថា «នៅវេលាម៉ោង ១០យប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ម្សិលមិញ មានករណីមេការជាជនជាតិចិនម្នាក់បានប្រើអំពើហិង្សា និងបៀតបៀនមកលើពលការិនីខ្មែរម្នាក់ឈ្មោះ សួង ស្រីនិច អាយុ ២៨ឆ្នាំ មកពីខេត្តតាកែវ កំពុងបម្រើការងារផ្នែកឧស្សាហកម្ម នៅតំបន់ភូឆន់ ខេត្តខ្យងគីដូ»។
មន្រ្តីរូបនេះ បានបន្តទៀតថា «នៅមុននេះឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូត និងក្រុមការងារ បានជួបផ្ទាល់ជាមួយជនរងគ្រោះ ស្ដាប់ការលើកឡើង និងសំណូមពររបស់ជនរងគ្រោះ និងបានផ្ដល់ថវិកាដល់ឲ្យក្រុមការងារស្ថានទូត ដើម្បីយកជនរងគ្រោះទៅពិនិត្យក្បាល នៅមន្ទីរពេទ្យទាំងយប់ ដែលមានសភាពធ្ងន់ធ្ងរ»។
បើតាមមន្រ្តីស្ថានទូតដដែល បន្ថែមពីលើនេះ ក្រុមការងារស្ថានទូត បានទាក់ទងប្ដឹងទៅប៉ុស្ដិ៍ប៉ូលិស នៅតំបន់ភូឆន់ដើម្បីឃាត់ខ្លួន ជនដៃដល់ មកទទួលទោសតាមច្បាប់ ហើយនៅព្រឹកស្អែកស្ថានទូត នឹងចេញកំណត់ទូតមួយបន្ថែមទៀត ផ្ញើទៅស្ថាប័នប៉ូលិសតំបន់ភូឆន់ ដើម្បីដាក់បន្ទុកក្នុងការប្ដឹងទៅជនដៃដល់។ ហើយនៅយប់នេះ ស្ថានទូតបានរៀបចំកន្លែងស្នាក់នៅ និងម្ហូបអាហារជូន ជនរងគ្រោះផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែកញ្ញា លោក ឡុង ឌីម៉ង់ រួមជាមួយទីប្រឹក្សាការងារ ទទួលបន្ទុកពលករអមស្ថានទូត ក៏បានជួបពិភាក្សា និងហូបបាយជាមួយពលករខ្មែរម្នាក់ឈ្មោះ ទុំ ចាន់ថន អាយុ២៤ឆ្នាំ មកពីខេត្តតាកែវ ដែលទើបមកធ្វើការ នៅសាធារណរដ្ឋកូរ៉េ រយៈពេល២ខែ ផ្នែកឧស្សាហកម្ម ក្នុងតំបន់ Anseong ខេត្ត Gyeonggi ដែល ការជួបពិភាក្សានេះបានធ្វើឡើង ក្រោយពេលដែល មេការរោងចក្រ ប្រើអំពើហិង្សាមកលើរូបគាត់ ក្នុងអំឡុងពេលបំពេញការងារ និងពេលសម្រាក៕