(ព្រៃវែង)៖ ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា ០១ ខ្នង ៣បន្ទប់ ស្ថិតនៅ ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានលើកថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពគន្លឹះទី១ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ 

លោក សួន សុម៉ាលីន បន្ថែមថា ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលដែលមានសម្ដេចធិបតីហ៊ុន  ម៉ាណែត ជានាយករដ្ឋមន្ត្រី បានប្តេជ្ញាបន្តអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គមឲ្យមានប្រសិទ្ធភាព សមធម៌ និងចីរភាព ដោយឈរ លើស្មារតី មិនបោះបង់ពលរដ្ឋណាម្នាក់ តាមរយៈការផ្តោតកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលលើគ្រួសារក្រីក្រ, ក្រុមងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ។ 

ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានកំណត់យក កម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិ សេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន ជាកម្មវិធីគោលនយោបាយអាទិភាព ក្នុងចំណោមកម្មវិធីគោលនយោបាយនានា ដើម្បីជំរុញការកសាងប្រព័ន្ធជំនួយសង្គម សំដៅកសាងសង្គមកម្ពុជាមួយមានភាពធន់ និងបរិយាប័ន្ន តាមរយៈការ អភិវឌ្ឍន៍ធនធានមនុស្ស និងការលើកកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋក្រីក្រ គ្រួសារងាយរងគ្រោះ និងគ្រួសារ ងាយរងហានិភ័យ។

លោក បន្តថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវអនុសាសន៍គន្លឹះ ៤ចំណុច សម្រាប់អនុវត្តក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថាន សិក្សារដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា រួមមាន៖ ទី១. ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២. ការពិនិត្យ កែសម្រួលកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣. ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភ ដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា និងទី៤. ការជំរុញ និងលើកទឹកចិត្តការចូលរួមស របស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ។ 

លោកអភិបាលខេត្តបានលើកទៀតថា ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ និងអនុសាសន៍របស់ សម្តេច ធិបតី ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចូលវិធានគន្លឹះទាំង៤ ទៅក្នុងស្តង់ដាសាលារៀនគំរូ និង រៀបចំសម្រួចអាទិភាពកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡាឆ្នាំ២០២៣-២០២៨ ចំនួន ៤ចំណុចបន្ថែមទៀត រួមមាន៖ ទី៥.ការអប់រំឌីជីថល ទី៦. ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា ទី៧. ការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព និងទី៨. ការអភិវឌ្ឍការអប់រំកាយ និងកីឡា។

ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលបាន ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ស្តង់ដាសាលារៀនគំរូ» និង «ពានរង្វាន់សាលារៀនគំរូ សម្តេចមហាបវរធិបតី»សម្រាប់សាលារៀនដែលសម្រេចបានស្តង់ដាសាលារៀនគំរូ ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤ តទៅ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ថ្លែងអំណរគុណចំពោះ លោក ភេ ឡុង និងលោកស្រី រស់ ទៀង សប្បុរសជននៅភ្នំពេញ ដែលចំណាយថវិកាផ្ទាល់ខ្លួនចូលរួមសម្រាប់កសាងអគារសិក្សា ១ខ្នង មាន៣បន្ទប់នេះ ដែលចំណាយថវិកាសរុប $៣៦,០០០ ក្នុងន័យចូលរួមក្នុងវិស័យអប់រំនៅមូលដ្ឋានឱ្យកាន់តែរីកចម្រើនថែមទៀត ជាពិសេស ការកសាងធនធានមនុស្ស ប្រកបដោយ សមត្ថភាពដើម្បីបម្រើតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ទើបយើងមានថ្ងៃប្រារព្ធពិធីសម្ពាធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា នាពេលនេះ។

លោក យស់ ស៊ីណាត អភិបាលស្រុកពោធិ៍រៀង បានលើកឡើងថា អគារសិក្សា ០១ ខ្នង ស្មើ៣បន្ទប់ នៃសាលាបឋមសិក្សាត្នោត ដែលមានទទឹង ៩ ម៉ែត្រ បណ្តោយ ២៤ ម៉ែត្រ កសាងដោយលោក តេ ឡុង និងលោកស្រី រស់ ទៀង ព្រមទាំងបងប្អូនកូនចៅ) នៅភ្នំពេញអគារសិក្សានេះចាប់ផ្តើមសាងសង់នៅ ថ្ងៃសុក្រ១៤កើត ខែ ( ទុតិយាសាឍឆ្នាំថោះ បញ្ចស័កព, ស២៥៦៧ ត្រូវនិងថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៣ ហើយបានសាងសង់ រួចជាស្ថាពរនៅថ្ងៃសុក្រ៧កើត ខែ មាឃ ឆ្នាំថោះ បញ្ចស័កពស២៥៦៧ ត្រូវនិងថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ២០២៤៕