(ភ្នំពេញ)៖ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ស្វែងរកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា បានចាប់ផ្តើមបើកជាផ្លូវការហើយកាលពីរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស មូលនិធិគន្ធបុប្ផាកម្ពុជា។ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» មានរយៈពេល ១ខែ ដោយគិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។
ថ្លែងក្នុងពិធីបើកយុទ្ធនាការជួយមន្ទីរពេទ្យគន្ធបុប្ផានេះ លោកជំទាវបណ្ឌិត បានថ្លែងកោតសរសើរគណៈគ្រប់គ្រង និងបុគ្គលិក នៃមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត ក្នុងការជួយព្យាបាលជំងឺដល់កុមារកម្ពុជា ទាំងនៅខេត្តសៀមរាប និងរាជធានីភ្នំពេញ។
ក្នុងនាមជាប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងអំណរគុណអស់ពីដួងចិត្តចំពោះរួមជាតិទាំងអស់ ដែលមានទឹកចិត្តសប្បុរសធម៌ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដែលបានចូលរួមគាំទ្រ និងបរិច្ចាគក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» យ៉ាងច្រើនលើសលប់ ក្រោយយុទ្ធនាការនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈ។
លោកជំទាវបណ្ឌិត បានបញ្ជាក់ថា ក្រោយយុទ្ធនាការនេះត្រូវបានផ្សព្វផ្សាយ គិតចាប់ពីថ្ងៃទី២៨ ខែឧសភា រហូតមកដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤នេះ មានសប្បុរសជនចូលរួមប្រមាណ ៨ម៉ឺននាក់ គិតជាថវិកាមានចំនួនប្រមាណ ៦៥ម៉ឺនដុល្លារអាម៉េរិក ដែលនេះសបញ្ជាក់ឱ្យឃើញពីការចូលរួមយ៉ាងផុលផុសប្រកបដោយស្មារតីសាមគ្គីភាពរឹងមាំរបស់ប្រជាជាតិខ្មែរទាំងមូល។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បន្តអំពាវនាវសប្បុរសជន ចូលរួមគាំទ្រ និងបរិច្ចាគ រហូតដល់ថ្ងៃបិទយុទ្ធនាការ ដើម្បីជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផាក្នុងបុព្វហេតុកុមារកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានអញ្ជើញសួរសុខទក្ខ និងជូនថវិកាមួយចំនួនដល់ស្ត្រីទើបសម្រាលកូនរួច នៅតាមបន្ទប់សម្រាកនៃមន្ទីរពេទ្យផងដែរ៕