(ភ្នំពេញ)៖ មជ្ឈមណ្ឌល ដឺ ប្រ៊េននីអេក ហ្វេកធើរី (TBF) មជ្ឈមណ្ឌលរៀបចំការប្រឡងអូឡាំព្យាដអន្តរជាតិសិង្ហបុរី (SIMCC SG) និងសមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា (ស.អ.ម) បានសហការគ្នារៀបចំព្រឹត្តិការណ៍ប្រកួតវិទ្យាសាស្ត្រអូឡាំព្យាដ (VNJSO) ឆ្នាំ២០២៤ នៅទីតាំងសាលា Singapore (Cambodia) International Academy (SCIA) ដោយការចូលរួមពីតំណាងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤។

យោងតាមរបាយការណ៍លោក យ៉ែម សុភ័ណ្ឌ ប្រធានមជ្ឈមណ្ឌល ដឺ ប្រ៊េននីអេក ហ្វេកធើរី មានបេក្ខជនសរុប៧,២៩៧នាក់មកពី២៥ប្រទេស ក្នុងនោះកម្ពុជាមានចំនួនបេក្ខជនសរុប១៨៨នាក់មកពី៤២គ្រឹះស្ថានអប់រំសាធារណៈ និងឯកជនទូទាំងប្រទេសបានមកចូលរួមប្រកួតប្រជែង។

លោក ហ៊ាង ឡាឌី ប្រធានការិយាល័យ មធ្យមសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា បានសម្តែងនូវក្តីសោមនស្សដែលបេក្ខជនកម្ពុជាហ៊ានចូលរួមនៅក្នុងកម្មវិធីប្រកួតប្រជែងនានាកម្រិតអូឡាំព្យាដអន្តរជាតិ ហើយលោកក៏បានគាំទ្រនូវការប្រកួតប្រជែងផ្សេងៗដែលរៀបចំឡើងដោយមជ្ឈមណ្ឌល ដឺ ប្រ៊េននីអេកហ្វេកធើរី សហការជាមួយសមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា។

ទន្ទឹមនឹងនោះ លោកបណ្ឌិត តុង វណ្ណៈ ប្រធានសមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមជ្ឈមណ្ឌលរៀបចំការប្រឡង អូឡាំព្យាដ សិង្ហបុរី និងមជ្ឈមណ្ឌលដឺ ប៊្រេននីអេក ហ្វេកធើរី ក្នុងការសហការរៀបចំកម្មវិធីប្រកួតលើមុខវិទ្យាវិទ្យាសាស្ត្រនេះឡើង ដែលជាការចូលរួមចំណែកគាំទ្រ និងលើកកម្ពស់វិស័យអប់រំ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសនោះ សមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា និងសាលា SCIA ក៏បានរៀបចំពិធីចុះអនុស្សរណៈស្តីពីកិច្ចសហការប្រតិបត្តិលើកកម្ពស់វិស័យអប់រំផងដែរ៕