(ត្បូងឃ្មុំ)៖ ក្រុមអាជីវករលក់ទូរសព្ទនៅផ្សារមេមត់ ខេត្តត្បួងឃ្មុំ ដែលត្រូវបានកម្លាំងគយចុះបង្ក្រាបទូរសព្ទអត់ពន្ធ កាលពីពេលថ្មីៗនេះ បានអះអាងថា ក្នុងប្រតិបត្តិការចុះបង្ក្រាបរបស់កម្លាំងគយ មិនបានចាប់យកទូរសព្ទ ដែលបងប្អូនប្រជាពលរដ្ឋ យកមកជួសជុលនោះទេ ហើយចំពោះទូរសព្ទ Nokia N ចុចពិល ដែលល្បីថា ត្រូវបង់ពន្ធរហូតដល់ ៩៣ដុល្លារក្នុង ១គ្រឿងនោះ ក៏កម្លាំងគយមិនបានចាប់យកដែរ។
ក្រុមអាជីវករបានដាក់ការងឿងឆ្ងល់មិនដឹងថា ប្រភពព័ត៌មានទូរសព្ទ Nokia N ចុចពិល ត្រូវបង់ពន្ធរហូតដល់ ៩៣ដុល្លារក្នុង ១គ្រឿងនោះ ចេញមកពីណានោះទេ។ ពួកគាត់សុទ្ធតែអះអាងថា ករណីទូរសព្ទ Nokia N ចុចពិល ត្រូវបង់ពន្ធ ៩៣ដុល្លារ គឺមិនពិតទេ។
ក្រុមអាជីវករបញ្ជាក់ថា ទូរសព្ទដែលកម្លាំងគយចាប់នោះមានទូរសព្ទថ្មី និងទូរសព្ទមួយទឹកៗ ដែលទើបនាំចូល (ពុំមែនទូរស័ព្ទ១ទឹក ដែលបានដោះដូរក្នុងស្រុក ឬក្នុងភូមិទេ) បើទូរសព្ទថ្មី ក្រុមហ៊ុនដែលពួកគាត់បញ្ជាទិញមក គឺធានាបង់ពន្ធជូន ប៉ុន្តែអ្វីដែលបារម្ភនោះ គឺទូរស័ព្ទមួយទឹកដែលពិបាក។
ជាមួយគ្នានេះ ដើម្បីអាចឆាប់ដំណើរការរកស៉ីឡើងវិញ ក្រុមអាជីវករទាំងនោះ សំណូមពរដល់សមត្ថកិច្ចគយជួយពន្លឿនការដោះស្រាយ និងស្នើសុំការបន្ធូរបន្ថយតម្លៃគិតពន្ធ ចំពោះទូរស័ព្ទមួយទឹកទៅតាមស្ថានភាពជាក់ស្តែង នៃទូរស័ព្ទមួយទឹកៗទាំងនោះ។
លោក ព្រាប គារ៉ាត់ ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ បានបញ្ជាក់ថា ចំពោះទូរសព្ទដៃចំនួន ៤គ្រឿង ដែលប្រជាពលរដ្ឋយកមកជួសជុល នៅហាងលក់ទូរសព្ទពិសិដ្ឋ ហើយត្រូវបានកម្លាំងគយ ចាប់យកមកជាមួយនោះ លោកនឹងប្រគល់ជូនម្ចាស់ហាងវិញ៕
សូមទស្សនាវីដេអូកិច្ចសម្ភាសន៍ របស់បណ្តាញព័ត៌មាន Fresh News ជាមួយក្រុមអាជីវករលក់ទូរសព្ទផ្សារមេមេមត់ ខេត្តត្បូងឃ្មុំ៖