(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាព កម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ បានបញ្ជាក់ថា អ្នកដោះមីនបានក្លាយជានិមិត្តរូប នៃអ្នកផ្សងគ្រោះថ្នាក់ អាយុជីវិតខ្លួនឯង លះបង់កី្តស្រលាញ់របស់ខ្លួនឯង ដើម្បីផ្តល់សេចកី្តសុខសុវតិ្ថភាព ចំពោះជនរួមជាតិទាំងក្នុងជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយៗ។
លោក ហេង រតនា បានបញ្ជាក់តាមរយៈ Facebook Page ផ្លូវការរបស់លោកថា មរតកសង្គ្រាមជាង៣០ឆ្នាំ (១៩៦២-១៩៩៨) បានបន្សល់ទុកគ្រាប់មីន និងសំណល់ជាតិផ្ទុះ យ៉ាងច្រើន ហើយអាចបន្តសម្លាប់ និងធ្វើឲ្យរបួសកូនចៅខែ្មរច្រើន ជំនាន់ទៅមុខទៀត។ អ្នកដោះគ្រាប់មីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាមកំពុងយកជីវិតខ្លួនឯងធ្វើជាដើមទុន សុទ្ធតែជនជាតិខែ្មរជាអតីតៈកងទ័ព នគរបាល និងប្រជាពលរដ្ឋ ទទួលបានការហ្វឹកហ្វឺន បណ្តុះបណ្តាលជាអ្នកជំនាញដ៏អង់អាចក្លាហាន។
លោកអគ្គនាយកបានឲ្យដឹងទៀតថា ការងារប្រចាំថ្ងៃរបស់ពួកគាត់ (អ្នកដោះមីន) ជាអ្នករុករក ជាអ្នកដោះបន្សាប និងកំទេចចោលគ្រាប់មីន ក៏ដូចជារាល់សំណល់ជាតិផ្ទុះ មានគ្រាប់បែកធំៗ ទំលាក់ពីយន្តហោះ គ្រាប់បែកចង្កោម អាវុធគីមី និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភទរួមមាន គ្រាប់ផ្លោង គ្រាប់រ៉ុកកែត គ្រាប់កាំភ្លើងតូចធំគ្រាប់ប្រភេទ ជាដើម។ល។ ដែលរកឃើញនៅលើដើមឈើ លើដី ក្នុងដី និងក្នុងទឹក។
លោកសង្កត់ធ្ងន់ថា «អ្នកដោះមីនបានក្លាយជានិមិត្តរូប នៃអ្នកផ្សងគ្រោះថ្នាក់អាយុជីវិតខ្លួនឯង លះបង់កី្តស្រលាញ់របស់ខ្លួនឯង ដើម្បីផ្តល់សេចកី្តសុខសុវតិ្ថភាព ចំពោះជនរួមជាតិ ទាំងក្នុងជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយៗ ឲ្យចៀសផុតពីការសម្លាប់ ឬធ្វើឲ្យងរបួស និងវិនាសកម្មផេ្សងៗ ដោយខ្មាំងសត្រូវលាក់មុខទាំងនេះ ព្រមទាំងគាំទ្រការកសាងសេដ្ឋកិច្ចគ្រួសារ និងសង្គមឡើងវិញ។ ពាក្យចាស់លោកពោលថា «សំណាញ់ចុះទឹកគង់ជាប់សំរាម» អ្នកដោះមីនក៏បានទទួលពលី និងរងរបួសក្នងកិច្ចប្រតិបតិ្តការផងដែរ»។
ជាមួយគ្នានេះ លោក ហេង រតនា បានបញ្ជាក់បន្ថែមថា ក្នុងឱកាសរដូវបុណ្យភ្ជុំបិណ្ឌ ដែលត្រូវចូលមកដល់ឆាប់ៗខាងមុខនេះ សូមបួងសួងដល់វិញ្ញាណក្ខន្ធ អ្នកដោះមីនដែលបានពលីជីវិត ក៏ដូចអ្នករងគ្រោះដោយសារមីន ដែលបានស្លាប់ទៅហើយនោះ បានជួបតែបរលោក៕