(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ខ្លូ​ត ធីតា អតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា អ្នកនិពន្ធគ្រប់រូប គួរគប្បីសរសេរលើកតម្លៃ អ្នកដែលខ្សត់ខ្សោយ និងខិតខំតស៊ូ ដើម្បីបំផុសគំនិត និងលើកតម្កើងពួកគេ ឱ្យមានកម្លាំងចិត្តក្នុងជីវិត។

លោកស្រីថ្លែងបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោក សេម ម្ចាស់វណ្ណកម្មប្រលោមលោក «៣រាត្រី» ចូលជួបសម្តែងការគួរសម និងជូនសៀវភៅប្រលោមលោក នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤។

បើតាមប្រសាសន៍ លោកស្រីបណ្ឌិតសភាចារ្យ ខ្លូ​ត ធីតា លោកស្រីធ្លាប់ឆ្លងកាត់របបប្រល័យពូជសាសន៍ ប៉ុល ពត សឹងតែបាត់បង់ជីវិតក្នុងសម័យនោះ ដែលលោកស្រីអះអាងថា បើត្រូវគេសម្លាប់ក៏ពុំសោកស្តាយអ្វីទៀតដែរ ព្រោះជីវិតពេលនោះលំបាកពន់ពេក។ លុះក្រោយរួចពីរបបខ្មៅងងឹតមួយនេះ កម្លាំងចិត្តរស់រានរបស់លោកស្រី ក៏កើតឡើងវិញ ធ្វើឱ្យលោកស្រីខិតខំតស៊ូ និងកសាងខ្លួន ក្លាយជាមូលធនមនុស្សមួយរូប។

ទោះកើតក្នុងគ្រួសារគហបតី តែដោយសារធ្លាប់ឆ្លងកាត់រឿងលំបាកលំបិនបែបនេះ ទើបធ្វើឱ្យលោកស្រីជំរុញដល់នារីៗ យកស្វាមី កុំសម្លឹងឃើញតែទ្រព្យសម្បត្តិ តែត្រូវមើលពីចរិយាសម្បត្តិវិញ។

បើតាមលោក សេម រឿង «៣រាត្រី» មួយក្បាលនេះ គឺជារឿងពិតខ្លះ និងប្រតិដ្ឋខ្លះ ដែលជាស្នាដៃតែងនិពន្ធលើកដំបូងរបស់លោកសេម ដោយបានបង្ហាញពីតថភាពជីវិតយុវវ័យ ដកចេញពីផ្នែកតូចមួយរបស់គេ។ រឿងនេះ ក៏លើកទឹកចិត្តដល់មនុស្ស ដែលយល់ថាខ្លួនបាត់បង់គ្រប់យ៉ាង និងគិតថាខ្លួនមិនមានប្រយោជន៍ ឱ្យប្រឹងប្រែងកសាងជីវិត។

មិត្តអ្នកអាន ចង់ស្នើសុំយកដាក់បណ្ណាល័យ ឬជាវសៀវភៅនេះ សូមទំនាក់ទំនងលេខទូរសព្ទ ០៩៦៦២០៣៣៦០ ឬទំព័រហ្វេសប៊ុក ដែលមានឈ្មោះថា «៣រាត្រី»៕ (https://www.facebook.com/profile.php?id=100064364517072)