(ភ្នំពេញ)៖ ឆ្លើយតបនឹងបញ្ហាប្រឈមដែលកសិករតែងតែជួបប្រទះ គឺការកង្វះទីផ្សារ ក្រសួងពាណិជ្ជកម្ម បានជំរុញ និងសិក្សាលទ្ធភាពបង្កើតទីផ្សារលក់ដុំនៅតាមបណ្តាខេត្តមួយចំនួន ដើម្បីបង្កើតទីផ្សារជូនដល់កសិករ និងប្រមូលផ្តុំនូវផលិតផលមានគុណភាព និងសំបូរបែបផ្តល់ជម្រើសច្រើនដល់អ្នកទិញ ព្រមទាំងមានតម្លៃសមរម្យ។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការបង្កើតនូវទីផ្សារលក់ដុំនេះ ក៏ជាការរក្សាតុល្យភាពថ្លៃរវាងអ្នកប្រើប្រាស់ និងអ្នកទិញ តាមរយៈការបង្ខិតទីតាំងផលិតមកជិតផ្សារ បំព្រួញពេលវេលាថ្លៃដឹកជញ្ជូន និងមធ្យោបាយដែលជួយសម្រួលដល់កសិករដឹកមកទីផ្សារទាន់ពេល។

លោកបានលើកឡើងថា«ការរៀបចំឱ្យមានការផ្សារបោះដុំ ដើម្បីជាកន្លែងប្រមូលផ្តុំធានាគុណភាពទំនិញសម្រាប់ប្រជាកសិករ ក៏ដូចជាផលិតកររបស់យើងដែលផលិតបានហើយពិបាករកទីផ្សារ ដើម្បីធ្វើឱ្យមានទំនិញបរិបូរណ៍សម្រាប់ទីផ្សារ មានជម្រើសឱ្យអ្នកទិញ មានតម្លៃសមរម្យឱ្យអ្នកប្រើប្រាស់»។

លោកបានឱ្យដឹងថា ថ្មីៗនេះក្រុមការងាររបស់ក្រសួងពាណិជ្ជកម្មបានចុះពិនិត្យនៅតាមបណ្តាខេត្តមួយចំនួនដែលមានឯកទេសផលិតផលិតផលផ្សេងៗគ្នា ដើម្បីឈានទៅដល់រៀបចំផ្សារបោះដុំ។

ទន្ទឹមនឹងការជំរុញបង្កើតទីផ្សារបោះដុំនៅតាមបណ្តាខេត្តនេះ ក្រសួងពាណិជ្ជកម្មបានបន្តយុទ្ធនាការជំរុញការទិញផលិតផលខ្មែរឱ្យបានខ្លាំងក្លាបន្ថែមទៀតផងដែរ៕