(សិង្ហបុរី)៖ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២១ (កិច្ចសន្ទនាសាំងគ្រីឡា) នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ រសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ បានចូលជួបសម្តែងការគួរសម លោក អឹង អេងហេន ( Ng Eng Hen) រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី។

ក្នុងជំនួបនោះ ឯកឧត្តម រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី បានថ្លែងអំណរគុណដល់ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដែលបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២១ និង បានថ្លែងសន្ទរកថាដ៏ល្អក្នុងកិច្ចនេះ។

មានមតិឆ្លើយតបវិញ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានថ្លែងអំណរគុណដល់ រដ្ឋមន្ត្រីក្រសួងការពារជាតិសិង្ហបុរី ដែលបានផ្ដល់ឱកាសឲ្យគណៈប្រតិភូក្រសួងការពារជាតិកម្ពុជាកម្ពុជា បានមកចូលរួមក្នុងកិច្ចសន្ទនាសាំងគ្រីឡា ឆ្នាំ២០២៤។ ឆ្លៀតក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរទុក្ខពី សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ជូនចំពោះ រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី។ ជាការមតិឆ្លើយតប តាមរយៈ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា, លោករដ្ឋមន្ត្រីការពារជាតិសិង្ហបុរី បានផ្ដាំផ្ញើសាកសួរទុក្ខដល់ សម្ដេចពិជ័យសេនា ទៀ បាញ់ ដែលជាមិត្តចាស់ហើយជាអ្នកដែលមានវ័យចំណាស់ជាងគេ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីកម្ពុជាតិអាស៊ាន (ADMM )។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានលើកឡើងពីទំនងទំនាក់ទំនងកិច្ចសហការរវាងប្រទេសទាំងពីរ កងទ័ពទាំងពីរកម្ពុជា-សិង្ហបុរី ដែលក្នុងនោះ ទាំងវិស័យស៊ីវិល និង យោធា ប្រទេសសិង្ហបុរីបានជួយបណ្ដុះបណ្ដាលធនធានបានយ៉ាងល្អប្រសើរ ហើយកម្ពុជាបានទទួលលទ្ធផលផ្លែផ្កាជាច្រើន ពីសិក្ខាកាមដែលបានបញ្ចប់ការបណ្ដុះបណ្ដាលធនធានមនុស្សនៅសឹង្ហបុរី។ លោកបានបញ្ជាក់ថា៖ ចូលមកដល់ឆ្នាំ២០២៤នេះ បន្ទាប់ពីមានកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក យើងបន្តធ្វើកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងទឹក ប្រទេសទាំងពីរ ស្របពេលដែលកម្ពុជា បានបំពេញជំនាញលើវិស័យកងទ័ពជើងទឹក ។

លោក ទៀ សីហា បានបញ្ជាក់បន្ថែមថា៖ ក្នុងឆ្នាំ២០២៤ នេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលធនធានមនុស្ស ខភម ការធ្វើទំនើបកម្មលើរចនាសម្ព័ន្ធ និង ជំនាញដល់កងទ័ព។ លោក អឹង អេងហេន ( Ng Eng Hen) រដ្ឋមន្ត្រីការពារជាតិសឹង្ហបុរី បានសម្តែងនូវក្តីសោមនស្សរីករាយ ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យកងទ័ពជើងទឹក ប្រទេសទាំងពីរ ដែលទៅថ្ងៃខាងមុខ យើងនឹងផ្តោតការធ្វើលំហាត់សមយុទ្ធរួមគ្នា រវាងកងទ័ពជើងទឹកអាស៊ានផងដែរ។ ជាចុងក្រោយ លោក រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី បានបញ្ជាក់ថា៖ យើងនឹងធ្វើការរួមគ្នា ដើម្បីសន្តិភាព ក្នុងតំបន់អាស៊ានរបស់យើង៕