(កំពង់ឆ្នាំង)៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានធ្វើសិក្ខាសាលាផ្សព្វផ្សាយពីវិធានគោលនយោបាយបញ្ចប់អេដស៍ខេត្តកំពង់ឆ្នាំង ឆ្នាំ២០២៣-២០២៨ និងគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥ ក្រោមវត្តមានលោកវេជ្ជបណ្ឌិត ស៉ឹ គឹមសាន អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។

សិក្ខាសាលាធ្វើឡើងនាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក យិន សាវ៉េន ប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត និងលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានលេខាធិការដ្ឋានអេដស៍ខេត្ត និងជាទីប្រឹក្សាក្រសួងសុខាភិបាល និងតំណាងមន្ទីរពាក់ព័ន្ធ អង្គភាពជុំវិញខេត្តនិងអង្គការដៃគូ។

លោកវេជ្ជបណ្ឌិត ស៊ឹម គឹមសាន បានថ្លែងពីគោលបំណងសំខាន់នៃអង្គសិក្ខាសាលា គឺដើម្បីពិនិត្យវឌ្ឍនភាពនៃសូចនាករសំខាន់ៗនៃការអនុវត្តកម្មវិធីអេដស៍ រយៈពេល៥ឆ្នាំ (២០១៩-២០២៣) និងផ្សព្វផ្សាយពីវិធានគោលនយោបាយបញ្ចប់អេដស៍ខេត្តកំពង់ឆ្នាំង ឆ្នាំ២០២៣-២០២៨ ពិភាក្សាលើផែនការ ដើម្បីរៀបចំអនុវត្តបន្តឈានទៅសំរេចគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥និងពិភាក្សាលើបញ្ហា ដំណោះស្រាយ និងលើកទិសដៅសម្រាប់អនុវត្តបន្ត៕