(ភ្នំពេញ)៖ មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការសិក្សាពីចម្ងាយនៃក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤នេះ បានចុះកិច្ចព្រមព្រៀងជាមួយសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះយុគន្ធរ ដើម្បីរៀបចំពិព័ណ៌មិនអចិន្រ្តៃយ៍នៃសម្ភារវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដើម្បីផ្តល់ឱកាសសម្រាប់សិស្សានុសិស្សក្នុងការចូលទស្សនា ការលេងកម្សាន្ត និងការអនុវត្តកម្មវិធីក្រៅម៉ោងសិក្សារបស់សិស្សានុសិស្ស។

ពិធីចុះកិច្ចព្រមព្រៀងបានធ្វើឡើងក្រោមវត្តមានលោកបណ្ឌិត សាន វឌ្ឍនា តំណាងមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការសិក្សាពីចម្ងាយ, លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជន និងកីឡា និងលោក សម្យ កំសាន្ត ប្រធានគណៈគ្រប់គ្រងសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះយុគន្ធរ រួមទាំងមាន លោក លោកស្រី ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ មន្រ្តី បុគ្គលិក និងសិស្សានុសិស្សជាច្រើនទៀតផងដែរ។

បន្ទាប់ពីបានទទួលការអនុញ្ញាតពីសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលបានទទួឧបករណ៍វិទ្យាសាស្រ្តជាង ៦៥ប្រភេទក្នុងការប្រើប្រាស់ឧបករណ៌វិទ្យាសាស្រ្ត ដើម្បីរៀបចំពិព័ណ៌មិនអចិន្រ្តៃយ៍នៃសម្ភារវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។ ពិព័ណ៌ខាងលើនេះនឹងបើកឱកាសឱ្យសិស្សានុសិស្សអាចយល់ដឹងអំពីបាតុភូតវិទ្យាសាស្រ្តបានកាន់តែស៊ីជម្រៅ តាមរយៈការលេង និងអនុវត្តជាមួយឧបករណ៍វិទ្យាសាស្ត្រទាំង៦៥មុខ និងជួយឱ្យសិស្សានុសិស្សកាន់តែមានការចាប់អារម្មណ៌កាន់តែខ្លាំងចំពោះវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាបន្ថែមទៀតផងដែរ។

សូមបញ្ជាក់ដែរថា ពិព័រណ៍មិនអចិន្រ្តៃយ៍នៃសម្ភារវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានេះ ត្រូវបានបង្កើតឡើងសម្រាប់សិស្សានុសិស្សក្នុងការទស្សនា ការលេងកម្សាន្ត និងការអនុវត្តកម្មវិធីក្រៅម៉ោងសិក្សារបស់សិស្សានុសិស្ស ដែលក្នុងនោះមានឧបករណ៍វិទ្យាសាស្រ្តចំនួន ៦៥មុខ។ ពិព័ណ៌ខាងលើនេះនឹងបើកដំណើរការឱ្យសិស្សានុសិស្សអាចយល់ដឹងអំពីបាតុភូតវិទ្យាសាស្រ្តបានកាន់តែស៊ីជម្រៅតាមរយៈការលេង និងអនុវត្តផ្ទាល់ជាមួយឧបករណ៍វិទ្យាសាស្ត្រទាំង ៦៥មុខ ដែលអាចជួយឱ្យសិស្សានុសិស្សមានការចាប់អារម្មណ៍កាន់តែខ្លាំងចំពោះវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាបន្ថែមទៀត។

សិស្សានុសិស្សទាំងអស់អាចចូលរួមទស្សនា និងទទួលយកបទពិសោធន៍ដោយផ្ទាល់ជាមួយពិព័ណ៌មិនអចិន្រ្តៃយ៍នៃសម្ភារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលប្រព្រឹត្តទៅនៅក្នុងបរិវេណសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះយុគន្ធរដោយឥតគិតថ្លៃ។ ដើម្បីឱ្យដំណើរការនៃការរៀបចំពិព័ណ៌មិនអចិន្រ្តៃយ៍នៃសម្ភារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ប្រព្រឹត្តិទៅដោយរលូនក្នុងនោះមានការរួមចំណែកពី៖

១៖ មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយមានតួនាទីក្នុងការសម្របសម្រួលទូទៅនៃសារមន្ទីរវិទ្យាសាស្រ្ត និងពិព័ណ៌មិនអចិន្រ្តៃយ៍សម្ភារវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា។

២៖ សាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះយុគន្ធរ មានភារកិច្ចក្នុងការគ្រប់គ្រង ថែរក្សាឧបករណ៍វិទ្យាសាស្រ្ត រៀបចំកម្មវិធីដែលនឹងប្រព្រឹត្តទៅនាក្នុងពិព័ណ៌ និងរៀបចំមគ្គុទេ្ទសក៍សម្រាប់ណែនាំអំពីដំណើរការបាតុភូត ក៏ដូចជាការពិសោធន៍នៃឧបករណ៍វិទ្យាសាស្រ្តសម្រាប់សិស្សានុសិស្ស និងសាធារណៈជនដែលនឹងចូលមកទស្សនាផងដែរ។

៣៖ មន្ទីរអប់រំ យុវជន និងកីឡា មានតួនាទីក្នុងការសម្របសម្រួល និងចូលរួមជួយផ្សព្វផ្សាយអំពីពិព័ណ៌មិនអចិន្រ្តៃយ៍ដើម្បីឱ្យគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងប្រទេសបានស្គាល់ និងជ្រាបជាព័ត៌មាន៕