(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសាររំលែកទុក្ខ ជូនលោក ជា ពិសី អភិបាលខណ្ឌទួលគោក ចំពោះការទទួលមរណភាពរបស់មហាឧបាសិកា ជា ហៀម ត្រូវជាម្តាយបង្កើត។

តាមរយៈសាររំលែកទុក្ខនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរៀបរាប់យ៉ាងដូច្នេះ៖

«ខ្ញុំ និងភរិយា មានក្តីក្តុកក្តួលរំជួលចិត្តឥតឧបមាដោយបានទទួលដំណឹងថា ឧបាសិកា ជា ហៀម ដែលត្រូវជាម្ដាយបង្កើតរបស់ឯកឧត្តម លោកបានទទួលមរណភាពនៅថៃ្ងព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ២១៖១៧នាទី នៅមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិនព្រះកុសុមៈ ក្នុងជន្មាយុ៨៤ឆ្នាំ ដោយជរាពាធ។

ស្ថិតក្នុងឱកាសពោរពេញដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំនិងភរិយា សូមចូលរួមរំលែកនូវមរណទុក្ខ ប្រកបដោយអនិច្ចលក្ខណធម៌ដ៏សង្វេគ សោកស្ដាយ ស្រណោះអាឡោះអាល័យ ស្ទើររកទីបំផុតគ្មាន ព្រោះថាមរណភាព ឧបាសិកា ជា ហៀម គឺជាការបាត់បង់ម្តាយបង្កើត ម្ដាយក្មេក ជីដូន ជីទួតដ៏មានគុណធម៌ សីលធម៌ ដែលបានតស៊ូប្រឹងប្រែងចិញ្ចឹមបីបាច់ថែរក្សា ផ្ដល់នូវដំបូន្មានល្អៗដល់កូនៗ ចៅៗ ជាទីស្រលាញ់ ទាំងអស់ប្រកបដោយគន្លងធម៌ ក្លាយជាធនធានមនុស្សដ៏មានតម្លៃនៅក្នុងសង្គមជាតិ ជាពិសេសក៏ជាការ បាត់បង់នូវពុទ្ធសាសនូបត្ថម្ភក៍ដ៏ល្អឆ្នើមមួយរូប ក្នុងសកម្មភាពមនុស្សធម៌ ដែលបានរួមចំណែកលើកតម្កើង ជ្រោមជ្រែង និងទ្រទ្រង់ព្រះពុទ្ធសាសនាជារៀងរហូតមក។

ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឧបាសិកា ជា ហៀម ឆាប់បានយោនយកកំណើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ»៕