(សៀមរាប)៖ ក្រុមកីឡាសេនាយុត្តិធម៌បានសហការជាមួយក្រសួងយុត្តិធម៌ ដើម្បីរៀបចំកម្មវិធីជិះកង់អង្គរលើកទី២ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) និងពិធីដាំកូនឈើ និងស្មៅអង្គរ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌ សមាជិក សមាជិកាក្រុមកីឡាសេនាយុត្តិធម៌ និងសប្បុរសជននានា នាព្រឹកថ្ងៃសៅរ៍ ទី១ ខែមិថុនា ឆ្នាំ២០២៤។

លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានលើកឡើងថា ការរៀបចំកម្មវិធីជិះកង់ និងពិធីដាំកូនឈើនិងស្មៅអង្គរនាថ្ងៃនេះ គឺធ្វើឡើងក្នុងគោលបំណង ទី១-ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងស្មារតីខ្មែរជួយខ្មែរ និងចូលរួមក្នុងយុទ្ធនាការ១ម៉ឺនរៀល១នាក់ សម្រាប់កុមារកម្ពុជា ទី២-បង្ហាញពីកម្លាំងរួមគ្នា ក្នុងនាមជាអ្នកប្រកបវិជ្ជាជីវៈច្បាប់ និងយុត្តិធម៌ ដើម្បីមនុស្សធម៌ ដោយចាត់ទុកថាមន្ទីរពេទ្យគន្ធបុប្ផា ជាមិត្តរបស់យើង និងទី៣-រឹតចំណងសាមគ្គីជាភាតរភាពកាន់តែរឹងមាំ, លើកកម្ពស់សុខភាពផ្លូវកាយ ផ្លូវចិត្ត ប្រាជ្ញាស្មារតី ដើម្បីភាពរឹងមាំនៃវិស័យយុត្តិធម៌ ក៏ដូចការបង្ហាញនូវការចូលរួមលើកស្ទួយវិស័យទេសចរណ៍លើទឹកដីតំបន់ប្រាសាទអង្គរ ព្រមទាំងចូលរួមអភិរក្សធនធានធម្មជាតិផងដែរ។

ក្រៅពីកម្មវិធីទាំងពីរខាងលើនេះ ក៏មានកម្មវិធីមួយចំនួនដូចជា ដំណើរទស្សនាប្រាសាទអង្គរវត្ត ដើម្បីលើកស្ទួយវិស័យទេសចរណ៍ និងការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមកីឡាសេនាយុត្តិធម៌ប្រកួតជាមួយក្រុមគ្រុឌមានជ័យ។

សូមជម្រាបថា សមាជិក សមាជិកា នៃក្រុមកីឡាសេនាយុត្តិធម៌ប្រមាណចំនួន៧០០នាក់ បានមកបំពេញបេសកកម្មទៅកាន់ខេត្តសៀមរាប រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ដែលមានសមាជិក សមាជិកា សុទ្ធសឹងតែជាអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យ ច្បាប់ និងតុលាការ រួមមាន៖ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ចៅក្រម, ព្រះរាជអាជ្ញា, ព្រះរាជអាជ្ញារង, មេធាវី, ក្រឡាបញ្ជី, ទីប្រឹក្សាច្បាប់ និងមន្ត្រីរាជការ។ ម្យ៉ាងវិញទៀត ក្រុមកីឡាសេនាយុត្តិធម៌ ក៏ធ្លាប់បានរៀបចំ និងចូលរួមកម្មវិធីផ្សេងៗទៀត រួមមាន កម្មវិធីប្រកួតវាយសីវិស័យយុត្តិធម៌ និងការបរិច្ចាគឈាមដោយស្ម័គ្រចិត្តជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាមផងដែរ៕