(ភ្នំពេញ)៖ ម្ចាស់ Facebook វាសនា ដាលីន ហាងលក់ទូរសព្ទដៃទំនេីបក្រុងសួង បានទទួលស្គាល់ថា ព័ត៌មានដែលបានបង្ហោះលេីបណ្ដាញសង្គម Facebook ថា ទូរសព្ទ N ចុចពិល ត្រូ​វបង់ពន្ធចំនួន៩៣ដុល្លារនោះ គឺជាព័ត៌មានមិនពិត។

តាមរយៈវីដេអូបទសម្ភាសន៍ ដែលបង្ហោះលើ លើ Telegram ផ្លូវការរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ម្ចាស់ហ្វេសបុក វាសនា ដាលីន ហាងលក់ទូរសព្ទដៃទំនើបក្រុងសួង បានទទួលស្គាល់ថា ព័ត៌មានដែលគាត់បានបង្ហោះលើបណ្ដាញសង្គមហ្វេសបុក ជាព័ត៌មានមិនពិត។

បន្ថែមពីនេះ ម្ចាស់ហាងទូរសព្ទផ្សេងទៀតដែលត្រូវបានមន្ដ្រីគយ និងរដ្ឋាករចុះត្រួតពិនិត្យអនុលោមភាព បានបញ្ជាក់ថា មន្ដ្រីគយ និងរដ្ឋាករមិនបានចាប់ឃាត់ទុក ឬមិនបានតម្រូវឱ្យបង់ពន្ធ ៩៣ USD ក្នុងមួយគ្រឿង សម្រាប់ទូរសព្ទប្រភេទ Nokia N ចុចពិលឡើយ។

ម្ចាស់អាជីវកម្មខ្លះបានទទួលស្គាល់ថាទូរសព្ទរបស់គាត់ពិតជាគ្មានពន្ធ និងខ្លះមិនបានដឹងថាទំនិញរបស់ខ្លួនមានពន្ធឬគ្មានពន្ធ គឺគាត់បានទទួលយកមកចែកចាយលក់បន្តពីក្រុមហ៊ុន។

ម្ចាស់អាជីវកម្មដ្ឋានខ្លះ បានស្នើសុំឱ្យក្រុមហ៊ុនផ្គត់ផ្គង់ទូរសព្ទ ធ្វើការបង់ពន្ធនាំចូលឱ្យបានត្រឹមត្រូវ៕