(តាកែវ)៖ កកម្លាំងសមត្ថកិច្ចនគរបាលខេត្តតាកែវ បានឃាត់ខ្លួនក្មេងស្រីចំនួន ៥នាក់ ជាសិស្សសាលាវិទ្យាល័យជាស៊ីម តាកែវ យកមកធ្វើការអប់រំ នៅស្នងការដ្ឋាននគរបាលខេត្តតា បន្ទាប់ពីពួកគេបានធ្វើកម្មភាពវាយតប់គ្នានៅក្នុងសាលារៀនហើយមានការថតបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក។

បើយោងតាមលោកឧត្តមសេនីយ៍ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤នេះថា៖ «កម្លាំងនគរបាលខេត្តតាកែវ បានធ្វើការឃាត់ខ្លួនក្មេងស្រីចំនួន ៥នាក់ ដែលបានវាយតប់គ្នានៅក្នុងវិទ្យាល័យជាស៊ីម ខេត្តតាកែវ កាលពីពេលថ្មីៗនេះ ហើយមានការភ្ញាក់ផ្អើលបន្ទាប់ពីមានការបង្ហោះតាមបណ្ដាញសង្គម Facebook និងដែលមានការរិះគន់ពីសំណាក់មហាជន»។

លោកស្នងការខេត្តតាកែវ បានបន្ថែមថា ក្មេងស្រីទាំង៥នាក់ គឺមានអាយុទើបតែ១៣ និង១៤ឆ្នាំ ប៉ុណ្ណោះ សមត្ថកិច្ចបាននាំពួកគេទៅមើលពន្ធនាគារ និងបានកោះហៅអាណាព្យាបាលមកធ្វើកិច្ចសន្យាអប់រំ និងធានាកូនរបស់ខ្លួនត្រលប់ទៅផ្ទះវិញ នៅស្នងការដ្ឋានខេត្តហើយ បើមិនរាងចាល និងមានករណីលើកក្រោយទៀតសមត្ថកិច្ចនឹងចាត់ការតាមផ្លូវច្បាប់ដោយគ្មានការលើកលែងទៀតនោះទេ៕