(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា កុមារគឺជាធនធានដែលមិនអាចខ្វះបានសម្រាប់អភិវឌ្ឍប្រទេសជាតិនាពេលអនាគត។ កុមារក៏ជាជាទំពាំងស្នងឫស្សី និងជាសសរទ្រូងសម្រាប់ប្រទេសជាតិ។

ការលើកឡើងបែបនេះរបស់លោកអភិបាលខេត្ត បានធ្វើឡើងនៅក្នុងពិធីអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ១មិថុនា នៅសាលបណ្ណាល័យកំពង់ស្ពឺ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ដែលមានវត្តលោក លោកស្រី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើន។

លោកបានបន្តថា បើពិនិត្យតាមលក្ខខណ្ឌធម្មជាតិ ទំពាំងអាចលូតលាស់បាន ហើយអាចក្លាយជាអ្នកស្នងឫស្សីបាន មានន័យថា មនុស្សជំនាន់មុនត្រូវធ្វើអ្វីដែលល្អឱ្យក្មេងៗជំនាន់ក្រោយមានការស្វែងយល់អំពីគុណតម្លៃទាំងការអប់រំ រៀនសូត្រ និងបញ្ញាស្មារតី ចំណែកកុមារត្រូវការការពារ ការចិញ្ចឹមបីបាច់ថែរក្សា ទំនុកបម្រុងផ្ចុងផ្តើមពីមនុស្សចាស់ មនុស្សជំនាន់មុនជាដាច់ខាត។ បើចង់បានអ្នកស្នងប្រទេសជាតិ ដែលខ្លាំង រឹងមាំ ទាល់តែពង្រឹងនិងសម្រួចតាំងពីនៅក្មេងៗ។

លោកអភិបាលបានលើកឡើងថា កុមារត្រូវតែទទួលបានការថែទាំ អប់រំយ៉ាងយកចិត្តទុកដាក់ ទាំងទៅលើផ្នែកចំណេះដឹង ស្មារតី មនសិកាស្នេហាជាតិ សីលធម៌ សុជីវធម៍ នៅក្នុងការរស់នៅប្រចាំថ្ងៃ ហើយត្រូវនាំគ្នាប្រឆាំងដាច់ខាត រាល់ការរើសអើង ការជួញដូរ កេងប្រវ័ញ្ចកម្លាំងពលកម្មនិងផ្លូវភេទលើកុមារផងដែ រ។ ជាងនេះយើងទាំងអស់គ្នាក៏ត្រូវប្តេជ្ញាចិត្តឱ្យបានខ្ពស់ ដើម្បីបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ជំរុញដល់ការអនុវត្តសិទ្ធិកុមារ ទប់ស្កាត់អំពើហឹង្សាលើកុមារ រួមទាំងចូលរួមបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ នៅជុំវិញពិភពលោក និយាយជារួម និងនិយាយដោយឡែកកុមារ នៅក្នុងប្រទេសកម្ពុជាតែម្តង។

លោក វ៉ី សំណាង បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបន្តវេន ក៏ដូចជានៅអាណត្តិមុនៗ បាននឹងកំពុងតែផ្តោត ការយកចិត្តទុកដាក់ទៅលើការលើកកម្ពស់សិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារ ដោយធ្វើយ៉ាងណាឱ្យកុមារ ក្រុមគ្រួសារ និងសហគមន៍ទទួលបាននូវគុណភាព គុណតម្លៃ និងគុណធម៌ នៃការរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាព ស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍នីតិរដ្ឋ ក៏ដូចជាអនុសញ្ញា និងពិធីសារនានាពាក់ព័ន្ធនឹងសិទ្ធិកុមារ។ ក្នុងនោះដែរ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោល នយោបាយជាតិស្តីពីប្រព័ន្ធកិច្ច ការពារកុមារ ឆ្នាំ២០១៩-២០២៩ បន្ថែមលើយន្តការដែលមានស្រាប់ ដើម្បីធានាថា បញ្ហាកុមារ ត្រូវបានដាក់បញ្ចូលទៅគ្រប់វិស័យពាក់ព័ន្ធ ក្នុងការលើកកម្ពស់សិទ្ធិ សុវត្ថិភាព ស្ថានភាព និងជំនាញរបស់កុមារ។

ជាមួយគ្នានោះ លោកអភិបាលខេត្តកំពង់ស្ពឺ ក៏បានក្រើនរំឭកទៅដល់ភាគីពាក់ព័ន្ធត្រូវបន្តសម្របសម្រួលជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល លើការអនុវត្តអនុសញ្ញាស្តីពីសិទិ្ធកុមារ ដោយបន្តធ្វើការផ្សព្វផ្សាយពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងកិច្ចការពារកុមារ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព៕