(កំពត)៖ លោក ចាង ជាជនជាតិកូរ៉េ និងជាម្ចាស់កសិដ្ឋានដាំ Strawberry លើភ្នំបូកគោ បានឲ្យដឹងថា សម្រាប់អាកាសធាតុនៅក្នុងប្រទេសកម្ពុជា អាចដាំប្រភេទផ្លែឈើលើសពី Strawberry ក្នុងនោះក៏អាចដាំបានដែរនូវផ្លែ Blueberry ទំពាំងបាយជូរ និងផ្លែប៉ោមជាដើម។ មិនតែប៉ុណ្ណោះដំណឹងនៃការអាចដាំបាននូវផ្លែឈើទាំងនេះពី លោក ចាង បានធ្វើឲ្យអ្នកវិនិយោគជនជាតិកូរ៉េជាច្រើន កំពុងចាប់អារម្មណ៍ ហើយចង់មកវិនិយោគបន្ថែមនៅកម្ពុជា។

លោកចាង ដែលបានដាក់ចិត្តសិក្សាលើអាកាសធាតុ រយៈពេល១ឆ្នាំ មុនចាប់ផ្ដើម បើកកសិដ្ឋានជាផ្លូវការលើភ្នំបូកគោនេះ បានអះអាងថា ការដែលប្រជាជនខ្មែរ អាចទទួលទានផ្លែឈើដែលដាំនៅក្នុងស្រុក គឺមានផលល្អសម្រាប់សុខភាព និងអាចទទួលបាននូវជីវជាតិល្អៗ បានច្រើន ជាងផ្លែឈើដែលដឹកមកឆ្ងាយ ឬក្រៅប្រទេស។

បើតាមការបន្ថែមពីលោក ចាង បើទៅជាបើកដំណើរការអស់រយៈពេល១ឆ្នាំហើយ ក្ដីតែមកដល់បច្ចុប្បន្ននេះកសិដ្ឋារបស់លោក នៅមិនទាន់ទទួលបានផលចំណេញនៅឡើយទេ។ ប៉ុន្តែលោកឃើញមានការគាំទ្រច្រើនពីសំណាក់ពលរដ្ឋកម្ពុជា ហើយក៏គ្រោងនិងពង្រីកបន្ថែមទៀតដែរលើការដាំដុះ Strawberry នេះ។

ការបញ្ជាក់របស់លោក ចាង ម្ចាស់កសិដ្ឋានដាំ Strawberry លើភ្នំបូកគោ ដល់បណ្ដាញព័ត៌មាន Fresh News នៅពេលនេះ ធ្វើឡើងក្នុង «ផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្ដានុពលនៃការអភិវឌ្ឍក្រុងបូកគោ» ដែលរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា ក្រោមការដឹកនាំពីលោក ពុយ គា ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចសម្ភាសន៍ទាំងស្រុងដូចតទៅ៖