(សៀមរាប)៖ នៅព្រឹកថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំរដ្ឋបាលខេត្ត លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំ ស្ដីពី ដើម្បីរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ បរិស្ថានក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

កិច្ចប្រជុំនេះ ដោយមានការចូលរួមពី លោកអភិបាលរងខេត្ត នាយករដ្ឋបាល ថ្នាក់ដឹកនាំ សមត្ថកិច្ច តំណាងមន្ទីរ អង្គភាព ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ពិសេសវត្តមានរបស់លោក អភិបាលក្រុងសៀមរាប លោកស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីចុះអនុវត្តន៍ ក្នុងការរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ បរិស្ថានក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

លោកអភិបាលខេត្ត បានណែនាំ ចង្អុលបង្ហាញ ឱ្យអាជ្ញាធរ សមត្ថកិច្ច ក្រុមការងារពាក់ព័ន្ធ បន្តចុះអនុវត្ត ដើម្បីរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ បរិស្ថានក្នុងក្រុងសៀមរាប ខេត្តសៀមរាប គឺត្រូវធ្វើយ៉ាងណា ដើម្បីធានាឱ្យបាននូវនិរន្តរភាពវិស័យទេសចរណ៍ មានគុណភាព និងភាពទាក់ទាញនៅក្នុងតំបន់ និងសកលលោក ផ្សារភ្ជាប់ជាមួយការអភិវឌ្ឍ និងការលើកកម្ពស់សេដ្ឋកិច្ច មូលដ្ឋានរបស់ប្រជាពលរដ្ឋ ។

លោកបានមានប្រសាសន៍បន្តទៀតថា៖ ស្របតាមគោលបំណងនៃ “ផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥ «យុទ្ធនាកាសៀមរាបផ្ទះខ្ញុំ» និង «ផែនទីចង្អុលផ្លូវទីក្រុងឆ្លាតវៃនៃខេត្តសៀមរាប» ក្នុងនោះផងដែរ នៅតាមដងផ្លូវសំខាន់ៗ នៅក្នុងក្រុងសៀមរាប និងគ្រោងមានរៀបចំយុទ្ធនាការដាំដើមឈើលម្អ បានជាម្លប់ និងភាពស្រស់បំព្រងផងដែរ ។

ជាក់ស្ដែងនៅព្រឹកថ្ងៃសៅរ៍ ទី០១ មិថុនា ឆ្នាំ២០២៤នេះ អាជ្ញាធរ សមត្ថកិច្ច ក្រុមការងារពាក់ព័ន្ធ បានចុះអនុវត្តដើម្បីរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ បរិស្ថានក្នុងក្រុងសៀមរាប ជាបន្ដបន្ទាប់ហើយ។ ហើយក្រុមគាត់ ក៏បានសុំឱ្យមានការចូលរួមពីអាជីវករ ពីប្រជាពលរដ្ឋ និងគ្រប់អ្នកពាក់ព័ន្ធ ផងដែរ៕