(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងបញ្ជាក់ថា ដោយសារតែស្ថានភាពកម្រិតជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ កាន់តែប្រសើរឡើង ធ្វើឲ្យកម្ពុជាក្លាយជាទីផ្សារ ប្រកួតប្រជែងសម្រាប់រថយន្តមកពីអឺរ៉ុប និងរថយន្តលំដាប់ពិភពលោកជាច្រើនទៀត។ ការថ្លែងបែបនេះ ក្នុងឱកាស ដែលលោកទេសរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធជាផ្លូវការសិទ្ធិចែកចាយរថយន្ត Volkswagen របស់ក្រុមហ៊ុន HGB Group នៅ សណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ នៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ។
នៅក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីលោកបណ្ឌិត Ingo Karsten ឯកអគ្គរដ្ឋទូតអាល្លឺម៉ង ប្រចាំព្រះរាជាណាចក្រកម្ពុជា និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិជាច្រើននាក់។
លោក Herfried Hasenoehrl នាយកប្រតិបត្តិក្រុមហ៊ុន HGB បានឲ្យដឹងថា Volkswagen ដែលជាម៉ាកសញ្ញាឈានមុខ របស់ពិភពលោកមួយនេះ បានមើលឃើញ ពីសក្តានុពលដ៏ខ្លាំងក្លា នៃប្រទេសកម្ពុជា ជាពិសេសកំណើន នៃការប្រើប្រាស់រថយន្តទំនើបៗ របស់ប្រជាជនកម្ពុជា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ Volkswagen គឺជាប្រភេទរថយន្ត ដែលត្រូវបានផលិតឡើង យ៉ាងយកចិត្តទុកដាក់ហ្មត់ចត់ ដោយធានាបានទាំងគុណភាព និងសោភ័ណភាព ដើម្បីសុវត្ថិភាព និងភាពទំនើបទាន់សម័យ របស់អ្នកប្រើប្រាស់។ ត្រង់នេះហើយ ដែលធ្វើឲ្យម៉ាករថយន្តនេះ ទទួលបានការគាំទ្រយ៉ាងទូលំទូលាយ ទូទាំងពិភពលោក ហើយប្រាកដណាស់ នឹងទទួលបានការគាំទ្រដូចគ្នា ពីសំណាក់ប្រជាជនកម្ពុជា។
ថ្លែងក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានសម្តែងនូវការអបអរសាទរ ដល់ក្រុមហ៊ុន HGB Group និងក្រុមហ៊ុន Volkswagen សម្រាប់សមិទ្ធផលជាប្រវត្តិសាស្ត្រ ក្នុងថ្ងៃនេះ ហើយក៏បានអបអរសាទរ ដល់ទំនាក់ទំនងកាន់តែរីកចម្រើន រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសអាល្លឺម៉ង ដែលបានដើរតួនាទីយ៉ាងសំខាន់ ធ្វើឲ្យសម្រេចបាននូវជំហានថ្មីមួយនេះ។ លោកបានបន្តថា តាមរយៈនៃការសម្រេចចិត្ត របស់ Volkswagen ក៏ដូចជា HGB Group នៅពេលនេះ បានសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ ពីការរីករាយចម្រើនឥតឈប់ឈរ នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ក៏ដូចជាជីវភាពរស់នៅកាន់តែប្រសើរ របស់ប្រជាជន ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចតែងតែខិតខំ យកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសង្គម និងសេដ្ឋកិច្ច ហើយជាពិសេស គឺរក្សាបាននូវសុខសន្តិភាព និងវឌ្ឍនភាព។
លោកបន្តថា ផ្តើមចេញពីគោលនយោបាយ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជន មានការប្រែមុខមាត់ គួរជាទីមោទន ហើយការរីកចម្រើនសេដ្ឋកិច្ច សង្គម នៃគ្រួសារប្រជាពលរដ្ឋខ្មែរនេះហើយ បាន និងកំពុងធ្វើឲ្យប្រទេសកម្ពុជា ក្លាយទីផ្សារប្រកួតប្រជែងយ៉ាងសកម្ម សម្រាប់រថយន្តអឺរ៉ុប និងរថយន្តលំដាប់ពិភពលោក ជាច្រើនប្រភេទ។
ជាទីបញ្ចប់ លោកទេសរដ្ឋមន្រ្តី បានសម្តែងនូវការទទួលស្គាល់ពីគុណភាព និងបច្ចេកវិទ្យាទំនើប នៃប្រភេទរថយន្ត Volkswagen ហើយវត្តមានរបស់ Volkswagen នឹងផ្ដល់នូវជម្រើសកាន់តែប្រសើរ និងសម្បូរបែបថែមទៀត ដល់ប្រជាជនកម្ពុជា៕