(កំពង់ធំ)៖ លោក សុខ សូកេន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបារាយណ៍ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ បានប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំទាំង១០ នៃស្រុកបារាយណ៍ ខេត្តកំពង់ធំ។

លោក អួង សារឿន ប្រធានគណបក្សស្រុកបារាយណ៍ បានថ្លែងរបាយការណ៍ស្វាគមន៍យ៉ាងកក់ក្តៅ និងលោក ម៉ម ប៊ុនថា បានប្រកាសសេចក្តីសម្រេចសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំទាំង១០ នៃស្រុកបារាយណ៍ ខេត្តកំពង់ធំ។

លោក សុខ សូកេន បានសម្តែងនូវការអបអរសាទរដល់អ្នកដែលទទួលបានសេចក្តីទុកចិត្ត និងត្រូវបានតែងតាំងជាប្រធាន អនុប្រធាន សមាជិក និងសមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំទាំង១០ នៃស្រុកបារាយណ៍ នាពេលនេះ។

លោកក៏បានថ្លែងអំណរគុណ និងបានវាយតម្លៃខ្ពស់ជូនចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំទាំង១០ គណៈកម្មាធិការគណបក្សស្រុក និងឃុំទាំងអស់ដែលបានខិតខំសម្រេចបាននូវជោគជ័យដ៏ធំធេងគួរជាទីមោទនក្រៃលែង នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ដ ស្រុក ក្រុង អាណត្តិទី៤ ឆ្នាំ២០២៤ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ។

លោកបានលើកឡើងថា ភាពជោគជ័យនេះបានបង្ហាញយ៉ាងច្បាស់ពីការចូលរួមចំណែកយ៉ាងសកម្ម ការពុះពារលះបង់របស់សមាជិកគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកបារាយណ៍ទាំងអស់ ដែលបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស និងកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាល ព្រមទាំងជួយមូលដ្ឋានក្នុងការកសាងពង្រឹងគណបក្ស ពង្រឹងជីវភាពក្រុមបក្ស គ្រប់គ្រងនយោបាយសតិអារម្មណ៍ ពង្រឹងការគ្រប់គ្រងសមាជិកបក្សបានយ៉ាងច្បាស់លាស់និងរឹងមាំទាំងបរិមាណនិងគុណភាព ជួយចលនានៅមូលដ្ឋានទាំងស្មារតីនិងសម្ភារៈ និងជួយសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ។

លោកប្រធានបានសង្កត់ធ្ងន់ថា បច្ចុប្បន្នប្រជាជនកម្ពុជាកំពុងរស់នៅយ៉ាងសុខដុមរមនា ក្រោមម្លប់នៃសន្តិភាព និងការឯកភាពជាតិ ហើយកំពុងឈានទៅមុខយ៉ាងស្វាហាប់ ប្រកបដោយក្តីសង្ឃឹម លើមាគ៌ាប្រជាធិបតេយ្យ និងការអភិវឌ្ឍលើគ្រប់វិស័យ ដោយសារការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាបិតាសន្តិភាពនៅកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកប្រធានក្រុមការងារបានណែនាំដល់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំងអស់ ត្រូវបន្តចុះជាប្រចាំអោយដល់មូលដ្ឋាន ដើម្បីក្តាប់សំណូមពរ តម្រូវការ និងបញ្ហាប្រឈមផ្សេងៗរបស់ប្រជាពលរដ្ឋ និងរួមគ្នាធ្វើការដោះស្រាយបញ្ហាដែលប៉ះពាល់ដល់ផលប្រយោជន៍ និងសតិអារម្មណ៍របស់ប្រជាជនឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕