(ភ្នំពេញ)៖ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ការនាំយកខ្លាធំឬខ្លាដំបងមកកម្ពុជា មិនបង្កឱ្យមានការព្រួយបារម្ភ ចំពោះការរស់នៅរបស់សហគមន៍នោះទេ។ វត្តមានខ្លាធំនឹងជួយដល់បរិស្ថានស្អាត ជួយពង្រឹងសុវត្ថភាពប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់ និងការរស់នៅដោយចីរភាពថែមទៀត។

ការលើកឡើងរបស់អ្នកនាំពាក្យរូបនេះបានធ្វើឡើងនាថ្ងៃសៅរ៍ ទី០១ ខែមិថុនា ឆ្នាំ២០២៤ ជាមួយបណ្តាញសារព័ត៌មាន Fresh News បន្ទាប់ពីមានការលើកឡើង ពីការព្រួយបារម្ភចំពោះការនាំយកខ្លាធំមកកម្ពុជា ក្រោមកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលឥណ្ឌា ដែលបានកណត់ថា នាំខ្លាធំចំនួន៤ក្បាល (ញី៣ក្បាល) មកកម្ពុជា ក្នុងជំហានទី១ នាចុងឆ្នាំនេះ។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានស្នើសុំឱ្យសាធារណជនមេត្តាកុំមានការព្រួយបារម្ភចំពោះវត្តមានខ្លាធំ។ ខ្លាធំធ្លាប់មានប្រវត្តិរស់នៅកម្ពុជា ហើយទើបតែបាត់ដានក្នុងឆ្នាំ២០០៧ កន្លងមកនេះ។ វត្តមានសត្វខ្លាធំនៅក្នុងតំបន់ការពារធម្មជាតិ នឹងជួយធ្វើឱ្យប្រព័ន្ធអេកូឡូស៊ី ព្រៃឈើ និងសត្វព្រៃមានតុល្យភាព និងល្អប្រសើរផងដែរ លើសពីនេះគឺបានឆ្លុះបញ្ចាំងអំពីការខិតខំប្រែងរបស់កម្ពុជាក្នុងការអភិរក្សសម្បត្តិធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ។ លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា ផែនការស្តារសត្វខ្លាធំរបស់កម្ពុជា បានរៀបចំរួចជាស្រេច ដែលរួមចំណែកផ្តល់ប្រយោជន៍ថែមទៀតដល់ព្រៃឈើ សត្វព្រៃ ជីៈចម្រុះ និងទីជម្រកសត្វព្រៃប្រកបដោយនិរន្តរភាព និងអត្ថប្រយោជន៍ផ្សេងៗទៀតនោះ គឺសត្វខ្លាធំអាចបង្កើនចំណូលថវិកាដល់សហគមន៍មូលដ្ឋាន តាមរយៈទេសចរណ៍ទស្សនាសត្វខ្លា។

សូមបញ្ជាក់ថា កន្លងមកនេះ ក្រសួងបរិស្ថាន បានបង្កើតក្រុមការងារបច្ចេកទេសសម្រាប់ស្តារសត្វខ្លាធំឡើងវិញ, បានកសាងសមត្ថភាពមន្ត្រីជំនាញ និងមន្ត្រីអនុវត្តច្បាប់ ចំនួន២០៦នាក់, បានរៀបចំផែនការសកម្មភាពស្តារសត្វខ្លាធំ បានរួចរាល់និងច្បាស់លាស់, បានធ្វើការសិក្សាលើទីជម្រក រួមទាំងរំពាសត្វខ្លាធំ ក្នុងតំបន់ការពារធម្មជាតិទាំង៦ នៃតំបន់ជួរភ្នំក្រវាញ ដែលលាតសន្ធឹងលើផ្ទៃដីប្រមាណ ១៧,៤៣៤គីឡូម៉ែត្រការ៉េ។ ក្រុមការងារជំនាញ បានកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដូចជា៖ ស្ថានីយស្តារសត្វខ្លាធំ ត្រៀមរំពា (ឈ្លូស ប្រើស ជ្រូកព្រៃ) ដើម្បីបន្សាំនឹងលក្ខខណ្ឌទីជម្រកមុនពេលលែងចូលព្រៃធម្មជាតិ, រៀបចំមណ្ឌលតាមដានសត្វខ្លាធំ ដែលមានតួនាទី ដែលប្រយោជន៍ឱ្យដឹងពីដំណើររប់សត្វខ្លានៅក្នុងព្រៃ ព្រោះនៅពេលខ្លាធំមកដល់យើងនឹងដោះលែងចូលក្នុងព្រៃ និងត្រូវបានបំពាក់ប្រព័ន្ធតាមដាន (GPS) ដើម្បីតាមដានការចល័តរបស់សត្វខ្លាធំ ២៤ម៉ោង លើ២៤ម៉ោង។ ដូច្នេះ នៅពេលសត្វខ្លាធំចល័តដល់កន្លែងណាមួយក្រុមការងារជំនាញនឹងអាចដឹងច្បាស់ពីដំណើររបស់ពួកវា។

លើសពីនេះ ក្រសួងបរិស្ថាន បានសហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងដៃគូដទៃទៀត រួមជាមួយអាជ្ញាធរមូលដ្ឋាន ខិតខំបន្តផ្សព្វផ្សាយទៅដល់សហគមន៍មូលដ្ឋាន ពីចំណេះដឹងទូទៅរបស់សត្វខ្លាធំ ក៏ដូចជាពង្រឹងការចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ ដែលជួយឱ្យអភិវឌ្ឍជីវភាពសហគមន៍មូលដ្ឋាន មានការកើនឡើងថែមទៀត។ ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ WA បានរៀប ចំដីព្រៃទំហំ៩០ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃតាតៃ នៃតំបន់ជួរភ្នំក្រវាញ ក្នុងខេត្តកោះកុង ដោយបានកសាងហេដ្ឋារចនាសម្ព័ន្ធ មានរបងដែក ទ្រុងដែក អាងទឹក និងសត្វព្រៃសម្រាប់ជាចំណីសម្រាប់បន្ស៊ាំសត្វខ្លាធំ ដែលគ្រោងទទួលពីរដ្ឋាភិបាលប្រទេសឥណ្ឌា មុនលែងចូលតំបន់ស្នូលនៃឧទ្យានជាតិជួរភ្នំក្រវាញ។

បើតាមកញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡេត ស្ថាបនិក និងជានាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហៅកាត់ WA (Wildlife Alliance) បានបញ្ជាក់ថា ជាធម្មជាតិសត្វខ្លា ជាអ្នកប្រមាញ់រកចំណីដោយខ្លួនឯង គឺមិនឃើញមានការប៉ះពាល់ដល់របាយសត្វព្រៃនោះទេ ប៉ុន្តែហេតុផលតែមួយគត់ ដែលធ្វើឱ្យប៉ះពាល់ដល់របាយសត្វព្រៃ និងធ្វើឱ្យសត្វខ្លាធំដាច់ពូជពីកម្ពុជា គឺការបរបាញ់ដោយខុសច្បាប់ និងការដាក់អន្ទាក់។ ដូច្នេះតាមរយៈកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន រដ្ឋាភិបាលឥណ្ឌា និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ កំពុងតែខិតខំប្រឹងប្រែងយកចិត្តទុកដាក់ លើបញ្ហាមួយនេះ ដោយកំពុងអនុវត្តយ៉ាងតឹងរឹង ចំពោះការអនុវត្តច្បាប់ដល់ជនល្មើស ដែលលួចបរបាញ់និងសត្វព្រៃជាដើម៕