(ភ្នំពេញ)៖ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ភរិយារបស់សម្តេចធិបតី នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមពិធី «ពិព័រណ៍ភូមិកសិផលខ្មែរ និងវេទិកាពិភាក្សា ស្តីពីរសជាតិកសិផលខ្មែរ»​​ ដែលបានរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់០២ ខែមិថុនា ឆ្នាំ២០២៤ នៅផ្សារទំនើបជីបម៉ុង២៧១។

ពិធីនេះ ក៏មានវត្តមាន អញ្ជើញចូលរួមរបស់ លោក ឌិត ទីណា ​រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រមជាមួយការចូលរួមភ្ញៀវកិត្តិយសជាច្រើនរូបផ្សេងទៀតផងដែរ។

ពិព័រណ៍និងវេទិកាពិភាក្សានេះ ធ្វើឡើងដើម្បីបំផុសស្មារតីជាតិនិយម ជួយដល់កសិករខ្មែរ និងជំរុញការគាំទ្រកសិផលខ្មែរឱ្យ​បានកាន់តែខ្លាំងក្លាឡើងថែមទៀត ក្នុងចំណោមគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេសអ្នកទទួលទាន និងអ្នកប្រើប្រាស់។

ពិព័រណ៍និងវេទិកាពិភាក្សារយៈពេល២ថ្ងៃនេះ ក៏នឹងផ្ដល់ឱកាសភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិតនិងអ្នកទទួលទិញ ព្រមទាំងបំផុសការពិភាក្សាអំពីការប្រើប្រាស់កសិផលក្នុងស្រុកសម្រាប់ផ្គត់ផ្គង់នៅក្នុងពិធីបុណ្យផ្សេងៗ៕