(បាត់ដំបង)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តបាត់ដំបង សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម អាជ្ញាធរស្រុកសំឡូត បានចុះណែនាំដល់ប្រជាពលរដ្ឋ និងអាជីវករដែលលក់ដូរក្នុងផ្សារ ឲ្យយល់ដឹងបន្ថែមពីផលប៉ះពាល់សុខភាពនូវទំនិញម្ហូបអាហារផ្សេងៗ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ព្រមទាំងរឹបអូសបានទំនិញខូចគុណភាពមួយចំនួនយកទៅកម្ទេចចោលភ្លាមៗនៅនឹងកន្លែងផងដែរ។
លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបានបញ្ជាក់ថា សមត្ថកិច្ចជំនាញជំនាញបាននិងកំពុងធ្វើការត្រួតពិនិត្យជាប្រចាំនៅគ្រប់ទីកន្លែង ពិសេសតាមបណ្តាច្រកព្រំដែនកម្ពុជា ថៃ និងបានបញ្ជាដល់មន្រ្តីកាំកុងត្រូលដែលប្រចាំការនៅគ្រប់មាត់ច្រកព្រំដែន ក៏ដូចជាតាមទីផ្សារនានា ទាំងអស់ក្នុងខេត្ត បាត់ដំបង ឲ្យរឹតបន្តឹងបន្ថែមទៀតក្នុងការត្រួតពិនិត្យនូវទំនិញដែលនាំចូល ពិសេសម្ហូបអាហារ គ្មានអនាម័យនិងខូចគុណភាព។
លោក ហាក់ សុខរិន បានបញ្ជាក់ថា ទំនិញខូចគុណភាពដែលសមត្ថកិច្ចយើងរឹបអូសបានមាន ៖ ទឹកក្រូចដបធំចំនួន៥០ដប ទឹកផ្លែឈើចម្រុះចំនួន២៥ដប ផ្សិតកំប៉ុងចំនួន១៨កំប៉ុង ទឹកស៊ីអ៊ីវចំនួន ៣១ដប ទឹកក្បុងចំនួន២៥ដប គ្រឿងផ្សំសម្លរការីចំនួន៣គីឡូក្រាម។
លោកប្រធានក៏បានសំណូមពរដល់អាជីវករកុំឲ្យនាំចូលទំនិញ ជាពិសេសម្ហូបអាហារដែលហួសកាលបរិច្ឆេទប្រើប្រាស់ គ្មានផ្លាកសញ្ញា គ្មានសំបកវេចខ្ចប់ ត្រឹមត្រូវ។ ហើយក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ មុននឹងទិញទំនិញយកទៅបិរភោគឬប្រើប្រាស់ សូមពិចារណានិងពិនិត្យមើលទំនិញនោះឲ្យបានម៉ត់ចត់ជាមុនសិន ជៀងវាងប៉ះទំនិញខូចគុណភាពធ្វើឲ្យប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់៕