(ភ្នំពេញ)៖ លោក ផុន ប៉ាវ បានផ្លាស់ប្តូរជីវិតពីកូនកសិករដែលមានជីវភាពខ្វះខាត ក្លាយជាម្ចាស់យានដ្ឋាន ក្រោយបញ្ចប់ជំនាញបច្ចេកទេសជួសជុលយានយន្ត នៅវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា «NPIC»

លោក ផុន ប៉ាវ ដែលជាកូនកសិករមកពីខេត្តតាកែវ ធ្លាប់តែពឹងផ្អែកខ្លាំងលើការធ្វើកសិកម្ម បានគូសបញ្ជាក់ថា ការសិក្សាជំនាញបច្ចេកទេសបានផ្លាស់ប្ដូរជីវិតរបស់លោកជាខ្លាំង ពិសេសអាចឲ្យលោករកចំណូលបានជាប្រចាំ។ លោកបញ្ជាក់ថា៖ «គ្រួសារខ្ញុំនៅតែធ្វើកសិកម្ម តែគាត់មិនសូវពឹងខ្លាំងលើកសិកម្មដូចពីមុនទេ។ តាំងពីខ្ញុំបើកយានដ្ឋាននេះមកជាទូទៅវាអត់ស្ងាត់ទេ គឺមានភ្ញៀវរហូត ចំណូលមានរាល់ថ្ងៃគ្រាន់តែតិច ឬច្រើន»

ទន្ទឹមនេះ លោក ផុន ប៉ាវ បានគូសបញ្ជាក់ទៀតថា សង្គមបច្ចុប្បន្នត្រូវការអ្នកមានជំនាញច្បាស់លាស់ ដូច្នេះការមានជំណាញណាមួយក៏ដោយសុទ្ធសំខាន់សម្រាប់ជីវិតមនុស្សម្នាក់ៗ និងសំខាន់សម្រាប់ការអភិវឌ្ឍន៍សង្គម។ បន្ថែមលើនេះ លោក ផុន ប៉ាវ ក៏បានបំផុសគំនិតយុវជនដែលមិនទាន់មានជំនាញច្បាស់លាស់គួរងាកមកចាប់យកជំនាញណាមួយដែលខ្លួនពេញចិត្ត ដើម្បីអាចមានលទ្ធភាពផ្គត់ផ្គង់ជីវភាពគ្រួសារ និងខ្លួនឯង ទៅថ្ងៃអនាគត៕