(ស្វាយរៀង)៖ លោក ប៉េង ពោធិសា អភិបាលខេត្តស្វាយរៀង បានអំពាវនាវដល់ដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រឱ្យក្លាយជាសិស្សល្អ កូនល្អ នៅក្នុងសង្គម ចៀសឱ្យឆ្ងាយពីអំពេីអបាយមុខផ្សេងៗ ដូចជាក្មេងទំនេីង បញ្ហាគ្រឿងញៀន ល្បែងសុីសងខុសច្បាប់ជាដេីម ក្នុងនោះត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ហេីយពេលធ្វេីដំណេីរត្រូវពាក់មួយសុវត្ថិភាពឱ្យបានត្រឹមត្រូវផងដែរ។
ការអំពាវនាវបែបនេះរបស់លោកអភិបាលខេត្តស្វាយរៀង បានធ្វើឡើងនៅក្នុងពិធីអបសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ ស្ថិតនៅអនុវិទ្យាល័យឈើទាល ស្រុកស្វាយជ្រំ ដែលរៀបចំដោយមន្ទីរ សង្គមកិច្ច និងអតីតយុទ្ធជនខេត្ត។
លោកអភិបាលខេត្តបានបន្ថែមថា ថ្ងៃនេះជាខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ០១មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤នេះ គឺជាការចូលរួមដើម្បីបង្ហាញនូវឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយសុខមាលភាព សិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារកម្ពុជា និងជាការរួមគ្នាទប់ស្កាត់នូវអំពើហិង្សា និងថែរក្សាសុខសន្តិភាព និងជំរុញការអភិវឌ្ឍសិទ្ធិកុមារទាំងនៅកម្ពុជា និងនៅលើសកលលោក។
លោកបានបន្តថា ការប្រារព្ធទិវានេះ ជាការអប់រំដល់លោកគ្រូអ្នកគ្រូ អាណាព្យាបាលនៃសិស្ស អាជ្ញាធរ និងសមត្ថកិច្ច ត្រូវតែនាំគ្នាចូលរួមកំចាត់ឲ្យអស់នូវការប្រើប្រាស់គ្រឿងញៀនរបស់កុមារ ឬការប្រើអំពើហិង្សា និងការជួញដូរកុមារ និងការប្រើប្រាស់នូវអំពើផ្សេងៗទៀតទៅលើកុមារនៅក្នុងមូលដ្ឋាន។
នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត និងលោកស្រីបានផ្តល់ជូននូវសម្ភារ និងថវិកាមួយចំនួនរួមមាន៖ កុមារចូលរួម ម្នាក់ៗទទួលបាន ១ម៉ឺនរៀល លោកគ្រូអ្នកគ្រូ ម្នាក់ៗ ៤ម៉ឺនរៀល អ្នកថែទាំកុមាររងគ្រោះ ម្នាក់ៗ ២ម៉ឺនរៀល៕