(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤នេះ បានចុះប្រគល់ផ្ទះមនុស្សធម៌ ១ខ្នង ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តជូននដល់លោកស្រី ស៊ុន លនអាយុ៦១ឆ្នាំ ជាស្រ្តីមេម៉ាយមានជីវភាពក្រីក្រខ្លាំង និងផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៥០គ្រួសារ ស្តិតនៅសង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោក លាង វាសនា អភិបាលក្រុងនិងជាប្រធានអនុសាខាក្រុងបាត់ដំបង បានឱ្យដឹងថា ក្រុមគ្រួសារលោកស្រី ស៊ុន លន មានជីវភាពទ័លក្រ ប្តីជាយោធាបានទទួលមរណៈចោលដោយឡែកកូនចំនួន២នាក់ មានគ្រួសារទៅនៅឆ្ងាយពីគាត់ ផ្ទះចាស់មានសភាពចាស់ទ្រុឌទ្រោម ពេលមានភ្លៀងម្តងៗ ធ្លុះធ្លាយលិចពិបាកក្នុងរស់នៅក្រៅពី ទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន លោកស្រីក៏ទទួលបានការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈប័ណ្ណសមធម៌ផងដែរ ។

ក្នុងឱកាសនោះ លោក សុខ លូ បាននាំប្រសាសន៍ផ្តាំផ្ញើពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានចូលរួមត្រេកអរចំពោះលោកស្រី ស៊ុន លន ដែលទទួលបានទីជម្រកថ្មីដ៏សែនកក់ក្ដៅសម្រាប់ជ្រកកោនតទៅ ដើម្បីបានជាជម្រកបានជាម្លប់ដ៏កក់ក្តៅតរៀងទៅ។

ប្រធានគណៈកម្មាធិការសាខាខេត្តបាត់ដំបង ក៏បានក្រើនរម្លឹកដល់លោកស្រី និងអ៊ុំ ពូមីង បងប្អូនទាំងអស់សូមថែរក្សាសុខភាពខ្លួន ប្រសិនបើបងប្អូន និងកូនមានជំងឺ និងគ្រោះថ្នាក់ផ្សេងៗ សូមប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត។ ជាសំខាន់នោះចំពោះសុខភាពកុមារ និងស្ត្រីមានផ្ទៃពោះ ព្រមទាំងមានការប្រុងប្រយ័ត្នចំពោះកុមារតូចៗ នៅក្នុងរដូវវស្សានេះ ដែលពោពេលទៅដោយទឹក នៅតាមស្ទឹង អូរ ប្រឡាយ ត្រពាំង ដើមី្បជៀសវាងកើតឡើងនូវប្រការអាក្រក់ណាមួយ ចំពោះ ក្រុមគ្រួសារបងប្អូន និងធ្វើអនាម័យបរិស្ថាននៅជុំវិញលំនៅដ្ឋាន និងបំបាត់ទីជម្រកមូសខ្លា ដែលជាភ្នាក់ងារជំងឺគ្រុនឈាម មកលើកុមារ ក៏ដូចមនុស្សគ្រប់វ័យផងដែរ។

សូមបញ្ជាក់ថា ផ្ទះលេខរៀងទី១៣ដែ លជាអំណោយរបស់សាខាខេត្តខាងលើនេះ ចំណាយថវិកា ៥,៥៥០ដុល្លារ មានទំហំ ៤ម៉ែត្រ គុណ៦ម៉ែត្រ ជញ្ជាំងស៊ីម៉ង់តិ៍ ក្រាលការ៉ូ ដំបូលប្រក់សង្ក័សី មានបន្ទប់ទឹកមួយក្រោយផ្ទះតយ៉ាបខាងមុខ ២.៥ម៉ត្រផងដែរ។

ជាមួយនឹងការទទួលបានអំណោយជាផ្ទះ១ខ្នង, លោកស្រី ស៊ុន លន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំ ពោះលោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន ដែលបានគិតគូរពីសុខទុក្ខ និងលើកទឹកចិត្តព្រមទាំងបានផ្តល់ថវិកាសម្រាប់ការរៀនសូត្របន្ត និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមបីបាច់ថែរក្សា សម្តេចទាំងទ្វេ និងក្រុមគ្រួសារ សូមទទួលបាននូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ដើម្បីជួយសម្រាលដល់ជីវភាពរស់នៅសាខាកាកបាទក្រហមកម្ពុជាខេត្ត បានផ្តល់ជូនអំណោយសម្រាប់សង្កត់ផ្ទះរួមមាន៖ អង្ករ ១០០គីឡូក្រាម, មី២កេស, ទឹកត្រី ២យួរ, ទឹកស៊ីអ៉ីវ ២យួរ ត្រីខ២យួរ, ទឹកបរិសុទ្ធ៤កេស និងថវិកា៤០ម៉ឺនរៀល ដោយឡែកគ្រួសារងាយរងគ្រោះមានជនចាស់ជរា ជនមានពិការភាព និងគ្រួសារក្រីក្រ មកពី៣ភូមិ ក្នុងសង្កាត់ស្លាកែត ចំនួន៥០គ្រួសារ ដោយមួយគ្រួសារទទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ទឹកបរិសុទ្ធ១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរផងដែរ៕