(ភ្នំពេញ)៖ ដើម្បីចូលរួមលើកកម្ពស់សុខភាពមាតា ទារក និងកុមារ និងការទទួលបានសេវាគាំពារសង្គម, ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃថ្នាក់កណ្តាល និងថ្នាក់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានរៀបចំពិធីអប់រំផ្សព្វផ្សាយជូនដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចចំនួន ៤០នាក់ ដែលពិធីនេះធ្វើឡើងនៅមណ្ឌលផ្កាម្លិះ គាំទ្រចិត្តសាស្ត្រសង្គម ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។

ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមានលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងមានការអញ្ជើញចូលរួមពីអ្នកនាង កាទ្រីន ក្លាសុន (Kathryn Clarkson) ប្រតិភូសហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ប្រចាំទីក្រុងបាំងកក ទទួលបន្ទុកប្រទេសកម្ពុជា, ថៃ, ឡាវ និងប្រទេសវៀតណាម ក្នុងអំឡុងពេលដែលអ្នកនាងបានដឹកនាំប្រតិភូមកបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅកម្ពុជា។

បន្ទាប់ពី លោកស្រី ហង្ស ណាវី នាយិកាមណ្ឌលផ្កាម្លិះ គាំទ្រចិត្តសាស្ត្រសង្គម របស់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានធ្វើការអប់រំផ្សព្វផ្សាយដល់ស្ត្រីជាមាតា ដែលបានចូលរួមកម្មវិធីរួចមក, អ្នកនាង កាទ្រីន ក្លាសុន បានថ្លែងចំណាប់អារម្មណ៍ថា៖ អ្នកនាងមានក្តីរីករាយជាខ្លាំងដោយបានឃើញពលរដ្ឋកម្ពុជាមានការយល់ដឹងពីការថែទាំសុខភាព ព្រោះថា សុខភាពគឺជាកត្តាចម្បងសម្រាប់មនុស្សយើងម្នាក់ៗ បើទោះបីជាយើងមានការរវល់ខ្លាំងយ៉ាងណាក្តី ក៏យើងត្រូវយកចិត្តទុកដាក់ថែទាំសុខភាពនេះដែរ។ ជាមួយគ្នានេះ ក្នុងនាមសហព័ន្ធអន្តរជាតិ អ្នកនាង កាទ្រីន ក្លាសុន បានថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដែលបានធ្វើសកម្មភាពអប់រំផ្សព្វផ្សាយនេះជាប្រចាំ ព្រមទាំងបានលើកទឹកចិត្តដល់សាខា សូមបន្តការងារនេះ ឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់។

លោកស្រី ម៉ែន នារីសោភ័គ ក៏បានថ្លែងអំណរគុណជាពិសេសចំពោះវត្តមានគណៈប្រតិភូសហព័ន្ធអន្តរជាតិ ដែលបានមកសិក្សាស្វែងយល់ពីស្ថានភាពសុខភាពរបស់ប្រជាជនកម្ពុជា ចង់ឃើញពីជីវភាព និងសុខភាពស្ត្រីមានកូនតូច ក៏ដូចជាស្ត្រីមានផ្ទៃពោះនៅកម្ពុជា។ លោកជំទាវ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ជូនចំពោះបងប្អូនស្ត្រីជាមាតាទាំងអស់ដែលមានវត្តមានក្នុងកម្មវិធី។

ជាមួយគ្នានេះ លោកស្រី បានពាំនាំនូវការអំពាវនាវបន្ថែមពីលើការអប់រំផ្សព្វផ្សាយ សូមឱ្យប្រជាជនទាំងអស់គិតគូរថែទាំសុខភាពឱ្យបានល្អ តាមរយៈការបរិភោគអាហារូបត្ថម្ភត្រឹមត្រូវ ដូចពាក្យចាស់ថា «ស្រឡាញ់ខ្លួន ស្ងួនចំណី» និង «ការពារប្រសើរជាងព្យាបាល» ជាពិសេសកាត់បន្ថយផ្អែម ដើម្បីបង្ការការលើសទម្ងន់ ជំងឺទឹកនោមផ្អែម ឬជំងឺបេះដូងសរសៃឈាម, កាត់បន្ថយប្រៃ ដើម្បីបង្ការជំងឺលើសសម្ពាធឈាម និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល, កាត់បន្ថយខ្លាញ់-ប្រេង ដើម្បីបង្ការការលើសទម្ងន់ ធាត់ ជំងឺលើសសម្ពាធឈាម និងជំងឺផ្សេងៗទៀត។ លោកជំទាវ ក៏បានលើកឡើងអំពីការចូលរួមថែរក្សាបរិស្ថាន ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ផងដែរ។

បន្ថែមពីលើការយល់ដឹងទាំងអស់នេះ ស្ត្រីមានផ្ទៃពោះ និងស្តីមានកូនតូចចំនួន ៤០នាក់ បានទទួលអំណោយមានក្រមា សារុង មុង ភួយ កន្សែង សាប៊ូ និងថវិកា៥ម៉ឺនរៀល។

បន្ទាប់ពីបញ្ចប់ការផ្សព្វផ្សាយគណៈប្រតិភូ បានបន្តជួបចុះសុខទុក្ខ និងនាំយកអំណោយជូនដល់គ្រួសារមានជីវភាពខ្សត់ខ្សោយមានកូនច្រើន រស់នៅភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នោះគឺគ្រួសារអ្នកស្រី ពុធ ស្រីម៉ៅ មានអាយុ២៤ឆ្នាំ ធ្លាប់ប្រកបរបររើសអេតចាយ មានស្វាមីឈ្មោះ ធន់ រិទ្ធី អាយុ ២៧ឆ្នាំ ជាកម្មកររោងចក្រ បច្ចុប្បន្នរស់នៅ បន្ទប់ជួល និងមានកូន ៤នាក់ ក្នុងបន្ទុក៕